ប្រធានសាខា​ពន្ធ​ដារខេត្ត​សៀមរាប​ប្រព្រឹត្ត​អំពើពុក​រលួយតាម​អំពើចិត្ត? ​

មន្ត្រី​បម្រើ​ការងារ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក ខូ​យ ឈឺ​ន និង​បក្ខពួក​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​ពលរដ្ឋ​ដែលជា​អ្នក​ត្រូវ​បង់ពន្ធ​លើ​ការផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​ចំណាយលុយ​យ៉ាងច្រើន​ទៅ​ឲ្យ​លោក អាំង រ៉ាស៊ី ប្រធានការិយាល័យ​ចុះបញ្ជី ដែលជា​មនុស្ស​ជំនិត​របស់លោក ខូ​យ ឈឺ​ន​។ កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក ខូ​យ ឈឺ​ន និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បើក​ការស៊ើបអង្កេត​ផងដែរ ក៏ប៉ុន្តែ​មកដល់ពេលនេះ​លោក ខូ​យ ឈឺ​ន នៅ​បន្ត​កាន់តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តសៀមរាប ហើយ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ លោក ខូ​យ ឈឺ​ន ក្នុងនាម​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​បណ្ដោយ​ឲ្យ​លោក អាំង រ៉ាស៊ី ប្រធានការិយាល័យ​ចុះបញ្ជី​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ​។

មន្ត្រី​បម្រើ​ការងារ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តសៀមរាប មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​លើ​លោក ខូ​យ ឈឺ​ន ប្រធាន​សាខា​ខេត្តសៀមរាប និង​បក្ខពួក​ឈ្មោះ អាំង រ៉ាស៊ី ជាបន្ទាន់​។ ដោយហេតុថា មកដល់ពេលនេះ​លោក ខូ​យ ឈឺ​ន និង​បក្ខពួក​ឈ្មោះ អាំង រ៉ាស៊ី កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​បង់ពន្ធ​ពេល​ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​។ ដូច្នេះ​លោក គង់ វិបុល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តសៀមរាប ​។

ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ដែល​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ហើយ​ឆ្លងកាត់​សាខា​ពន្ធដារ​ខេត្តសៀមរាប គឺ​ម្នាក់ៗ​ត្រូវ​ចំណាយលុយ​ពី​រាប់រយ​ដុល្លារ​ទៅ​រាប់ពាន់​ដុល្លារ​?បង់​ឲ្យ​លោក អាំង រ៉ាស៊ី ដែលជា​ប្រធានការិយាល័យ​ចុះបញ្ជី​។ ប្រសិនបើ​ពល​រដ្ឋណាយក​ឯកសារ​ទៅ​បង់ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ហើយ​មិន​បង់​សេវា​ក្រោម​តុ​ឲ្យ​លោក អាំង រ៉ាស៊ី ទេនោះ​គឺ​ត្រូវ​លោក អាំង រ៉ាស៊ី ទុកចោល​មិន​បញ្ជូន​ឲ្យ​លោក ខូ​យ ឈឺ​ន ស៊ី​ញ៉េ​បោះត្រា​សម្រេច​ឡើយ​។ ជាងនេះទៅទៀត​លោក អាំង រ៉ាស៊ី អាច​ប្រើ​លេស​ថា​ឯកសារ​បំពេញ​មិន​ត្រឹមត្រូវ ប៉ុន្តែ​បើ​ពលរដ្ឋ​ហ៊ាន​ចំណាយលុយ​ក្រោម​តុ​ឲ្យ​លោក អាំង រ៉ាស៊ី គឺ​រហ័ស​ទាន់​ចិត្ត​ជាមិនខាន​។ បញ្ហា​នេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ​៕

1227_Mr-Kong-Vibol_Sovannara srnews-post346