មន្ត្រីរាជការក្នុងខេត្តកោះកុង បានលើកឡើងថា ប្រសិនបើគ្មានការបើកដៃពីលោក ជា នី មេកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិចាំយាម គឺឈ្មួញមិនអាចនាំចូលទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព និងគ្រឿងឧបភោគបរិភោគដែលមានលាយសារធាតុគីមីរាប់សិបតោនក្នុងមួយថ្ងៃៗបានឡើយ។ មជ្ឈដ្ឋានមួយចំនួនមានការសង្ស័យថា ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង និងលោក ម៉ក់ ពេជ្ជរិទ្ធ មេកាំកុងត្រូលក្រសួងពាណិជ្ជកម្ម ជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបបណ្ដោយឲ្យលោក ជា នី មេកាំកុងត្រូលច្រកទ្វារអន្តរជាតិចាំយាម ធ្វើអ្វីៗតាមអំពើចិត្ត។ ការនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានលាយសារធាតុគីមី គឺជាចេតនាបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរយ៉ាងកំរោល ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់កុំឲ្យមន្ត្រីពុករលួយ និងឈ្មួញខិលខូចឃុបឃិតគ្នាធ្វើអ្វីៗស្រេចតែអំពើចិត្ត។
រឿងអាស្រូវពុករលួយរបស់លោក ជា នី មេកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិចាំយាម ក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព និងចំណីអាហារដែលមានលាយសារធាតុគីមី ដើម្បីជាថ្នូរនឹងផលប្រយោជន៍ត្រូវបានគេទម្លាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងប្រធានសាខាកាំកុងត្រូលខេត្តកោះកុង ក៏ដូចជាលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម មិនទាន់ចាត់វិធានការទៅលើមន្ត្រីពុករលួយដូចជា លោក ជា នី នោះទេ។ ហេតុនេះហើយទើបឈ្មួញខិលខូចនៅតែអាចនាំចូលទំនិញផុតកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព បន្លែ ផ្លែឈើ និងសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ ដែលមានប្រើសារធាតុគីមីចូលមកចែកចាយពេញទីផ្សារកម្ពុជា។
ប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកទ្វារអន្តរជាតិចាំយាម បានឲ្យដឹងថា ទំនិញជាច្រើនប្រភេទជាពិសេសគ្រឿងឧបភោគបរិភោគត្រូវបានឈ្មួញនាំចូលតាមច្រកនេះយ៉ាងពេញបន្ទុក ដើម្បីចែកចាយក្នុងទីផ្សារខេត្តកោះកុង ក៏ដូចជាដឹកជញ្ជូនទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀតផងដែរ៕
Recent Comments