លោក​ កង​ សារឿន​មេនគ​របាលអន្តោ​ប្រវេស​ន៍ថ្មីប្រចាំ​ច្រកទ្វា​រអន្តរជា​តិអូរយ៉ា​ដាវមិន​អនុវត្តន៍តាម​មេរៀនរបស់​លោក​ ឡុង រុក្ខា

ប្រភពពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដែលមាន​ខ្នងបង្អែក​រឹងមាំ ជាពិសេស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាងនេះទៅទៀត​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម ក៏​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​បទល្មើស​នាំ​ឈើ​ចេញ​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ គឺ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។

លោក ឡុង រុក្ខា អតីត​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​ត្រូវ​របូត​ចេញពី​តំណែង​នោះ ត្រូវបាន​គេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​វៀតណាមនិង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​លោក ឡុង រុក្ខា បាន​ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម ​ចូលមក​ជីក​រ៉ែ​មាស​ខុសច្បាប់​តាម​តំបន់​ព្រំដែន ហើយ​ស្នាក់នៅ​ក្នុងផ្ទះ​របស់ខ្លួន​ទៀតផង ដែល​រឿងអាស្រូវ​បែបនេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ឥឡូវនេះ​លោក កង សារឿន ត្រូវបានតែងតាំង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា​លោក កង សារឿន មិន​អនុវត្តន៍​តាម​មេរៀន​របស់លោក ឡុង រុក្ខា នោះទេ​។

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ប៉ុស្ដិ៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ មានកម្ម​វិធី​ប្រកាស​តែងតាំង​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​ច្រក​នេះ ហើយ​លោក កង សារឿន ត្រូវបានតែងតាំង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ ការតែងតាំង​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​អ្វីដែល​គេ​ហ៊ាន​វាយតម្លៃ​ទុកជាមុន​នោះ គឺ​អ្នកថ្មី​អាច​ត្រាប់​តាម​អ្នក​ចាស់​ក្នុងការ​ស្វែងរក​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ដូច្នេះហើយ​ទើប​គេ​រង់ចាំ​តាមដាន​ដោយ​យកចិត្តទុកដាក់​នៅ​វិធានការ​របស់លោក កង សារឿន ក្នុងនាម​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ៕

5-38-768x432 1-88-768x432 3-69-768x432