លោកស្រី​ កែវ ​សុធារី​ ប្រព្រឹត្តអំពើពុ​ករលួយក្នុងក្រសួង​ធម្មការនិងសា​សនា

ប្រភពពី​មន្ត្រី​នៅក្នុង​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ ធម្មការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា បញ្ហា​ប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​របស់​ក្រសួង​ធម្មការ​នាពេល​កន្លងមក គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក​ស្រី កែវ សុធា​រី ដោយ​ឃុបឃិត​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ទូទាំង​២៥​រាជធានី​-​ខេត្ត​។ ដោយហេតុថា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា នៃ​បណ្ដា​ខេត្ត​នានា​តែងតែ​យក​បញ្ជី​ឈ្មោះ​មន្ត្រី​ទៅ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ មកជួប​ពិភាក្សា​ជាមួយ​លោកស្រី កែវ សុធា​រី ហើយ​សេចក្ដីសម្រេច​ក៏​ចេញពី​បបូរមាត់​លោកស្រី កែវ សុធា​រី ផងដែរ​។ ដូច្នេះ​តាមរយៈ​ការប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ធម្មការ គឺ​លោកស្រី កែវ សុធា​រី និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ យ៉ាង​ក្រអឺតក្រទម​បំផុត​។

មន្ត្រីរាជការ​នៅក្នុង​ក្រសួង​ធម្មការ​និង​សាសនា មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោកស្រី កែវ សុធា​រី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​នរណា​ ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោកស្រី កែវ សុធា​រី ប្រមូលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ការប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ ធម្មការ​និង​សាសនា ទាំង​២៥​រាជធានី​-​ខេត្ត​។ ជាងនេះទៅទៀត​ប្រភព​បាន​ឲ្យ​ដឹងថា តាំងពី​ជំនាន់​លោក មិន ឃិន នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ រហូតដល់​ជំនាន់​លោក ហ៊ឹម ឆែម ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ គឺ​លោកស្រី កែវ សុធា​រី បន្ត​រៀបចំ​រចនាសម្ព័ន្ធ​ពុករលួយ​យ៉ាងរឹងមាំ​ដដែល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​នៅក្នុង​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ធម្មការ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ប្រធាន​មន្ទីរ​ធម្មការ​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្ត​ត្បូងឃ្មុំ ខេត្តកោះកុង និង​ខេត្តព្រៃវែង​ជាដើម ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នាពេល​កន្លងមក គឺ​ដោយសារ​ពួកគេ​អាង​មាន​លោកស្រី កែវ សុធា​រី ជា​បង្អែក​។ ជាក់ស្ដែង​ការដែល​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ហើយ​ត្រូវ​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ គឺ​ដោយសារ​លោក ហាក់ ហុន អាង​មាន​លោកស្រី កែវ សុធា​រី ជា​បង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​។

13417429_147230329022370_3017605974465936747_n