ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានឲ្យដឹងថាទំនិញគេចពន្ធនាំចូលពីប្រទេសសៀមតាមច្រកព្រំដែន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប យកទៅចែកចាយនៅខេត្តដទៃទៀត មិនដែលឃើញលោក សុខ សុដារ៉ា ចាត់វិធានការបង្ក្រាបប្រមូលចំណូលពន្ធជូនរដ្ឋឲ្យស្របទៅតាមគោលការណ៍ កែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយនោះទេ។ ផ្ទុយទៅវិញលោក សុខ សុដារ៉ា បានបញ្ជាឲ្យកូនចៅក្រោមឱវាទដើរប្រមូលលុយពីឈ្មួញដែលដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយយកមកចែកគ្នាធ្វើមានធ្វើបានយ៉ាងរីករាយ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរមើលរំលងអំពើពុករលួយនិងភាពអសកម្មរបស់លោក សុខ សុដារ៉ា តទៅទៀតទេ ព្រោះក្នុងមួយខែៗទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់នៅក្នុងខេត្តសៀមរាប ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។
តាមការបង្ហើបពីភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានឲ្យដឹងថា ទំនិញគេចពន្ធគ្រប់ប្រភេទដែលឈ្មួញនាំចូលតាមច្រកព្រំដែនប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ច្រកជាំស្រងាំ ខេត្តឧត្ដរមានជ័យ ហើយយកមកស្តុកទុកនិងចែកចាយក្នុងខេត្តសៀមរាប គឺជាប្រភពចំណូលរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប។ ប្រភពបានឲ្យដឹងទៀតថាលោក សុខ សុដារ៉ា មិនដែលចាត់វិធានការបង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ ហើយគិតតែពីរឿងប្រមូលផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាង សុខស្រួល។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយករដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហូរចូលខេត្តសៀមរាបយ៉ាងពេញបន្ទុកតែម្តង។
ចំណែកប្រភពពីសមត្ថកិច្ចតូចតាចមួយចំនួនក៏បានឲ្យដឹងដែរថា ទំនិញគេចពន្ធដែលឈ្មួញនាំចូលពីប្រទេសសៀមមកចែកចាយក្នុងខេត្តសៀមរាប មានដូចជា គ្រឿងសំណង់ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ហើយបានក្លាយទៅជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក សុខ សុដារ៉ា និងបក្ខពួកមួយក្ដាប់តូច។ មានការបង្ហើបឲ្យដឹងទៀតថា ឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់មកចែកចាយលើទីផ្សារក្នុង ខេត្តសៀមរាប ត្រូវមានទំនាក់ទំនងឱនលំទោនសុំការយោគយល់ពីលោក សុខ សុដារ៉ា ទើបគ្នាការរំខាន។ អាចនិយាយបានថាលោក សុខ សុដារ៉ា បានដឹងយ៉ាងច្បាស់ពីអត្តសញ្ញាណឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយចាត់ទុកឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។
Recent Comments