មន្ត្រីរាជការក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងគយចល័តក្នុងខេត្តនេះ ក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មួញខិលខូចទើបបណ្ដោយឲ្យកើតមានបទល្មើស នាំប្រេងសាំងគេចពន្ធចូលតាមច្រករបៀងជប់គគីរ ប្រមាណ៥ខែមកហើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលបទល្មើសនោះជាបន្ទាន់ ព្រោះក្នុងមួយខែៗរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនដោយសារតែឈ្មួញ នាំប្រេងសាំងគេចពន្ធចូលតាមច្រករបៀងជប់គគីរ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរស៊ើបអង្កេតករណីនេះផងដែរ ហើយត្រូវចាត់វិធានការតាមច្បាប់លើសមត្ថកិច្ចពុករលួយ។
ករណីឈ្មួញនាំចូលប្រេងសាំងគេចពន្ធតាមតំបន់ព្រំដែនក្នុង ខេត្តឧត្ដរមានជ័យ នៅតែកើតឡើងយ៉ាងពេញបន្ទុកដោយសារឈ្មួញខិលខូចឃុបឃិតជាមួយមន្ត្រីគយ ពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ជាក់ស្ដែងករណីឈ្មួញនាំចូលប្រេងសាំងគេចពន្ធតាមច្រករបៀងជប់គគីរ ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ត្រូវបានមន្ត្រីរាជការក្នុងខេត្តនេះ លើកឡើងថាប្រសិនបើគ្មានការឃុបឃិតជាមួយប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងគយចល័តទេនោះ គឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរចាត់វិធានការលើមន្ត្រីគយពុករលួយក្នុងខេត្តឧត្ដរមានជ័យ ជាបន្ទាន់ដើម្បីកុំឲ្យពួកគេបំពានលើវិធានការកែទម្រង់ស៊ីជម្រៅរបស់ ស្ថាប័នគយតទៅទៀត។
ប្រភពពីមន្ត្រីអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអម្ពិល បានឲ្យដឹងថា ក្នុងមួយខែៗយ៉ាងហោចណាស់មានប្រេងសាំងពី៣០ទៅ៤០ស៊ីទែនត្រូវបានឈ្មួញ នាំចូលតាមច្រករបៀងជប់គគីរ ដោយពុំមានសមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតចាត់វិធានការ បង្ក្រាបបទល្មើសឡើយ។ មជ្ឈដ្ឋាននានាសង្ស័យថា ឈ្មួញនាំចូលប្រេងសាំងគេចពន្ធពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងរលូន នោះ គឺមានការបើកដៃពីមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ដោយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ ប្រេងសាំងគេចពន្ធដែលឈ្មួញនាំចូលតាមច្រករបៀងជប់គគីរនោះ ត្រូវគេយកមកស្តុកទុកនៅក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ហើយមិនដែលឃើញសមត្ថកិច្ចគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទៅពិនិត្យឡើយ។
Recent Comments