ឧក​ញ៉ា​ ទូច​ សៀ​ បង្កើត​ចំណត​រថយ​ន្តក្រៅ​ច្បាប់?

ប្រភពពី​អ្នកធ្វើដំណើរ​តាម​រថយន្ត​ដឹក​ភ្ញៀវ រថយន្ត​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ឧកញ៉ា ទូច សៀ បាន​បង្កើត​ឲ្យ​មាន​ចំណតរថយន្ត​តាក់ស៊ី​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​កន្លែង ដោយសារតែ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​ មួយចំនួន​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ អ្នក​ប្រកប​អាជីវកម្ម​បើករថយន្ត​តាក់ស៊ី រថយន្ត​ទេសចរណ៍​ដឹក​ភ្ញៀវ បាន​ឲ្យ​ដឹងថា គ្រាន់តែ​នៅលើ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្ពានថ្ម​ព្រះរាជដំណាក់​ទៅដល់​មុខ​ផ្លូវ​ចូល​បុរី​សៀង​ណាំ មាន​ចំណតរថយន្ត​អនាធិបតេយ្យ​ជាច្រើន​កន្លែង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កក់ស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ដូច្នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទៅលើ​ឧកញ៉ា ទូច សៀ ជាបន្ទាន់​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

រឿងអាស្រូវ​របស់​ឧកញ៉ា ទូច សៀ បង្កើត​ចំណតរថយន្ត​ក្រៅច្បាប់ ហើយ​ចាំ​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​នោះ កំពុង​ត្រូវបាន​អ្នក​ប្រកប​របរ​បើករថយន្ត​ដឹក​ភ្ញៀវ​ធ្វើការ​រិះគន់​ យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។ អ្នករកស៊ី​បើករថយន្ត​ដឹក​ភ្ញៀវ​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ឧកញ៉ា ទូច សៀ បាន​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាងខ្លាំង​នៅតាម​ទីប្រជុំជន និង​ផ្លូវជាតិ​មួយចំនួន ដោយសារ​ឧកញ៉ា​ម្នាក់នេះ បង្កើត​ចំណតរថយន្ត​តាក់ស៊ី​ក្រៅច្បាប់​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់ ​។

​ អ្នកបើករថយន្ត​ទេសចរណ៍​និង​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ហៅ​ម៉ូយ​បាន​ពេញ​រថយន្ត​រៀប​ចេញពី​ចំណត​ត្រូវ​បង់ថ្លៃ​ក្បាល​ រថយន្ត​៧០០០​រៀល​សម្រាប់​រថយន្ត​ធន់​តូច ជាមួយគ្នានេះ​មាន​ក្រុមជើងកាង​ជា​បក្ខពួក​របស់​ឧកញ៉ា ទូច សៀ ទារលុយ​ថែមទៀត បើ​មិន​បង់​តាម​ការកំណត់​គឺ​គេ​មិន​ឲ្យ​ចេញ​។ ករណី​ឧកញ៉ា ទូច សៀ បង្កើត​ចំណតរថយន្ត​ក្រៅច្បាប់​បែបនេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​អ្នករត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹក​ភ្ញៀវ​នៅ​ខេត្តសៀមរាប ដូច្នេះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត មិនគួរ​មើលរំលង​នោះទេ​។ ជាពិសេស​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ប្រសិនបើ​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ទូច សៀ គួរ​ចាត់វិធានការ​លុបបំបាត់​អំពើអាក្រក់​របស់​ឈ្មួញ​រូបនេះ​ជាបន្ទាន់ ​៕

chanroth015-ju-28630-SRP-01 30-SRP-01