​ព្រៃ​លិចទឹ​កក្នុងឃុំ​ច្រណូក​ស្រុកកំពង់​លែងខេត្តកំ​ពង់ឆ្នាំងត្រូវឈ្មួញ​ទន្ទ្រានយក​ដីធ្វើជា​កម្មសិទ្ទិ?

ប្រភពពី​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ខេត្ត​នេះ បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ដូចជា នៅ​តំបន់​អូរ​ដក់​ត្រី តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ជាដើម​។ បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​ដែលមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​កំពុង​ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុងស្រុក​ចំនួន​៤ គឺ​ស្រុក​បរិបូរណ៍ ស្រុក​ជល​គិរី ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ បញ្ហា​នេះ​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​បទល្មើស​រាលដាល​តទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ទាំង​៤​ខាងលើ កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​រាប់ពាន់ ​ហិកតា យក​ធ្វើជា​កម្មសិទ្ធិ និង​ទុក​លក់ដូរ​ស្រេច​តែ​អំពើ​ចិត្ត​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​ជល​គិរី និង​ស្រុក​រលាប្អៀរ​នោះទេ​។ ផ្ទុយទៅវិញ​ទាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង​លោក សោម ភា​រុណ ជឿ​តែ​តាម​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ ក្នុងខណៈដែល​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​គោក​ព្រះ ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ត្រូវបាន​មន្ត្រី​មានអំណាច​មួយចំនួន​នៅក្នុង​ខេត្ត ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទន្ទ្រាន​កាន់កាប់​ប្រមាណ​ជិត​១០០០​ ហិកតា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក និង​ពី​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់លែង​ទេនោះ គឺ​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ស្រេច​តែ​អំពើ ​ចិត្ត​ឡើយ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ទន្ទឹមនឹងនេះ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏​គួរ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​ ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​ផងដែរ​ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ បទល្មើស​កំពុង​កើតឡើង​យ៉ាង​រាលដាល​ឥតឈប់ឈរ​៕

T-0324