តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានកើតឡើងយ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកឃុបឃិតទទួលផលប្រយោជន៍ពីក្រុមជនល្មើស ទើបក្រុមជនល្មើសអាចកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់តាមរទេះ រថយន្តកែច្នៃ គោយន្តកន្ត្រៃចេញពីព្រៃយ៉ាងរលូន។ មានន័យថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱ រ៉ាល់ កាលពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៦ គ្រាន់តែជាមធ្យោបាយរបស់មន្ត្រីបរិស្ថាន ដើម្បីបិទបាំងអំពើអាក្រក់របស់ពួកគេប៉ុណ្ណោះ ព្រោះការពិតឈើក្នុងតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ទើរតែវិនាសហិនហោច។
ថ្មីៗកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីបរិស្ថានគឺជាអ្នកជាប់ពាក់ព័ន្ធជ្រៅជាងគេក្នុងរឿងនេះ។ ក្រោយពេលទទួលរងនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋានទើបមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ធ្វើជាភ្ញាក់រលឹកបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែងទៀតផង។ ទោះជាយ៉ាងណាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីបរិស្ថាន ជាពិសេសក្រុមអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួនក្រោយពេលប្រឈមនឹងការរិះគន់ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើបានធ្វើឡើងកាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែមីនា ឆ្នាំ២១០៦ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំសន្ទ្រែ ឃុំរកាត ស្រុកភ្នំក្រវាញ។ នៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះបានបំផ្លាញទីតាំងនិងឧបករណ៍ ក្នុងរោងម៉ាស៊ីនអារឈើចំនួន៤កន្លែងផ្សេងគ្នា និងបានត្រួតពិនិត្យការរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនផងដែរ។ បញ្ហានេះកំពុងត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល តាមដានដោយយកចិត្តទុកដាក់ ព្រោះដឹងជាមុនថាមន្ត្រីបរិស្ថានកំពុងតែលេងល្បិចដើម្បីបិទបាំង អំពើអាក្រក់របស់ខ្លួនដែលជាអ្នកនៅពីក្រោយបទល្មើស៕
Recent Comments