ជាច្រើនឆ្នាំកន្លងមក សាធារណជន តែងបាននាំគ្នា រិះគន់ ឥតមានឈប់ឈរចំពោះនាយកដ្ឋាន លិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ពោលគឺ តាំងពីសម័យលោក សួស អង្គារិ៍ រហូតចូលមកដល់ សម័យលោក វុធ ផល្លី ។ បច្ចុប្បន្នកៅអី ប្រធាននាយកដ្ឋាន លិខិតឆ្លងដែន ត្រូវបានថ្នាក់លើ តែងតាំងលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ខ្សែអ្នកធំម្នាក់ទៀត ជាអ្នកអង្គុយកាន់កាប់ ក្ដោបក្ដាប់ជំនួសលោក វុធ ផល្លី ជាច្រើនខែហើយ ។
តាមប្រភពបានប្រាប់ថា ថ្វីត្បិតលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ត្រូវបានតម្លើងជា ប្រធាននាយកដ្ឋាន លិខិតឆ្លងដែនពិតមែន តែការពិតលោក វុធ ផល្លី នៅតែមានអំណាច ក្ដោបក្ដាប់ការងារ ពីលើនាយកដ្ឋាន ។
ករណីលោក កែ សុវ៉ាត ធ្លាប់បានធ្វើជា មេប៉ាស្ព័រដុះស្លែ ដ៏មានអំណាចបន្ទាប់ពីមេធំ (ប្រធាន) តាំងពីសម័យលោក សួស អង្គារិ៍ នៅធ្វើជាប្រធាន នាយកដ្ឋាននេះមកម្ល៉េះ ដែលមកដល់សម័យលោក វុធ ផល្លី និងសម័យលោក ព្រហ្ម ចាន់សុខា ដោះដូរមេ ៣ដង ទៅហើយក៍ដោយ ក៍លោកម្ចាស់ កែ សុវ៉ាត នៅតែអាច ថែរក្សាលេខរៀង ជាអនុប្រធានទី១ នៃនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ដដែល ធ្វើឲ្យគាត់កាន់តែមាន លុយកាក់ទ្រព្យសម្បត្តិ សំបូរហូរហៀច្រើនឡើងៗដែលគ្មានអនុប្រធាន នាយកដ្ឋានម្នាក់ណា អាចប្រៀបប្រដូចបានឡើយ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ឆ្លងកាត់ការដោះដូរ ប្រធាននាយកដ្ឋាន ២នាក់ គឺលោក សួស អង្គារិ៍ និងលោក វុធ ផល្លី រួចទៅហើយនោះ លោក កែ សុវ៉ាត ដែលបច្ចុប្បន្ន ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទី ជាអនុប្រធានទី១ នៅកន្លែងធ្វើប៉ាស្ព័រនោះ ក៍មានមហិច្ឆតា ចង់បានកៅអីជា ប្រធាននាយកដ្ឋាន លិខិតឆ្លងដែននោះដែរ ដើម្បីធ្វើឲ្យគាត់ (កែ សុវ៉ាត) កាន់តែមានឱកាសល្អ ក្នុងការប្រមូលយក ផលប្រយោជន៍បុគ្គល និងបក្ខពួកច្រើនឡើងៗ ។ ប៉ុន្តែមហិច្ឆតាឥតព្រំដែន របស់លោកម្ចាស់ កែ សុវ៉ាត មិនទទួលបានជោគជ័យ ដូចក្ដីស្រម័យនោះឡើយ ដោយសារហេតុថា ថ្នាក់លើក្រសួងមហាផ្ទៃ បានតែងតាំងលោក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋាន លិខិតឆ្លងដែនដោយស្ងាត់ៗ ខណៈដែលលោក ព្រហ្ម ចាន់សុខា ទើបតែបានធ្វើការងារ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ… និងថែមទាំងមិនធ្លាប់មាន បទពិសោធន៍ ច្បាស់លាស់ ពាក់ព័ន្ធនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការដឹកនាំការងារ នៅនាយកដ្ឋានលិខិតឆ្លងដែន ។
បច្ចុប្បន្ន នាយកដ្ឋានលិខិតឆ្លងដែន ថ្នាក់លើបានតែងតាំង ឲ្យមានមុខតំណែង ជាអនុប្រធាន នាយកដ្ឋាន រហូតដល់ទៅ ០៨ នាក់ឯណោះ បូកនឹងលោកប្រធាន ព្រហ្ម ចាន់សុខា ម្នាក់ទៀត គឺមាន ៩នាក់ ជាថ្នាក់ដឹកនាំកំពូល នៅនាយកដ្ឋាន លិខិតឆ្លងដែននោះ ។
ការធ្វើលិខិតឆ្លងដែន ត្រូវបានគេកំណត់ជា ២ ប្រភេទខុសគ្នា គឺប្រភេទធម្មតា (ធ្វើយូរ ឬទាល់តែយូរទើបបាន) និងប្រភេទមិនធម្មតា (ធ្វើលឿន បានរហ័សទាន់ចិត្ត) ដែលជាទម្លាប់កន្លងមក សម្រាប់ប្រភេទធម្មតា ចំណាយលុយចាប់ពី ១២៥ដុល្លារទៅ ១៣០ដុល្លារ ត្រូវរង់ចាំរយៈពេលពី ៤៥ថ្ងៃ ទៅ ៦០ថ្ងៃ ហើយបើហ៊ានចំណាយ ១៩០ដុល្លារ ត្រូវរង់ចាំរយៈពេល ១ខែ ទើបបាន ។ ចំណែកឯ ប្រភេទមិនធម្មតាវិញ បើអ្នកធ្វើប៉ាស្ព័រ ចង់បានលឿនពី ១សប្ដាហ៍ ទៅ ១០ថ្ងៃ ត្រូវចំណាយលុយពី ២៨០ដុល្លារទៅ ៣០០ដុល្លារ តែបើហ៊ានចាយលុយពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារ អាចនឹងទទួលប៉ាស្ព័រ ក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ១សប្ដាហ៍ប៉ុណ្ណោះ ។ ក្នុងនោះ ប៉ាស្ព័រអាចធ្វើបានភ្លាមពី ១ថ្ងៃ ទៅ ៣ថ្ងៃ (ដែលគេយោងទៅលើថា ជាអ្នកជម្ងឺត្រូវចេញ ទៅសង្គ្រោះព្យាបាលបន្ទាន់ នៅឯបរទេស ឬមានភាពចាំបាច់ណាមួយ ជាដើមនោះ ) មិនដឹងត្រូវគេកំណត់ ឱ្យបង់លុយប៉ុនណាឡើយ ។
ការកំណត់ធ្វើប៉ាស្ព័រ មានប្រភេទធម្មតា និងប្រភេទមិនធម្មតា បែបនេះ ត្រូវប្រជាពលរដ្ឋ បានលើកឡើងថា ជាការបង្កើតឲ្យមាន អំពើពុករលួយ ចាក់ឬសគល់យ៉ាងជ្រៅ នៅក្នុងនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ តាំងពីសម័យលោក សួស អង្គារិ៍ មកដល់សម័យលោក វុធ ផល្លី និង លោក ព្រហ្ម ចាន់សុខា បន្តធ្វើជាប្រធាន នាយកដ្ឋាន៕
Recent Comments