តាមន្ត្រីកងរាជអាវុធហត្ថដែលចូលរួមបង្ក្រាបរថយន្តដឹកឈើគ្រញូង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក យឹម ភាន់ កំពុងស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងសកម្មភាពជួញដូរឈើគ្រញូង ខុសច្បាប់។ ជាមួយគ្នានេះឈើគ្រញូងដែលសមត្ថកិច្ចចម្រុះរឹបអូសបានមាន៥៥ដុំ ស្មើនឹង១៧០០គីឡូក្រាមគិតជាលុយរាប់ម៉ឺនដុល្លារ។ មានការរិះគន់ផងដែរថា លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នោះទេ ហើយគិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ជាក់ស្តែងក្នុងការបង្ក្រាបរថយន្ដដឹកឈើគ្រញូងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ គ្មានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើឡើយ បើទោបីរថយន្តនោះឆ្លងកាត់តំបន់ដែលនាយសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ស្វាយ និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ។
បទល្មើសដឹកជញ្ជូនឈើគ្រញូងពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ នៅតែបន្តកើតមានបើទោះបីសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាប យ៉ាងណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ធំ បានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើគ្រញូងខុសច្បាប់បន្ទាប់ពី រថយន្តនោះ បើកចូលក្នុងចម្ការក្បែរផ្ទះអ្នកភូមិមួយកន្លែងនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទល្ល័ង្ក ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រារថយន្តដឹកឈើគ្រញូងនោះធ្វើឡើងកាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ សមត្ថកិច្ចចម្រុះបានឲ្យដឹងថា មានការតាមចាប់រថយន្តដឹកឈើគ្រញូង១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AC-3088 ហើយតាមទាន់នៅក្នុងចម្ការស្វាយចន្ទីរបស់អ្នកភូមិមួយកន្លែងក្នុងឃុំ តាឡែកថ្មី។ លោកអនុសេនីយ៍ទោ យឹម ភាន់ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានបញ្ជាក់ថាផ្ទះនោះជាផ្ទះរបស់លោកដែលបានសាងសង់ក្នុងចម្ការ ចំណែកមនុស្ស២នាក់ប្ដីប្រពន្ធដែលនៅក្នុងផ្ទះនោះ គឺជាអ្នកស៊ីឈ្នួលបេះស្វាយចន្ទីឲ្យលោក និងថាលោកមិនពាក់ព័ន្ធបទល្មើសជួញដូរឈើគ្រញូងនោះទេ។ ប៉ុន្តែប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក យឹម ភាន់ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ គឺជាមុខសញ្ញាជាប់ពាក់ព័ន្ធបទល្មើសជួញដូរឈើគ្រញូងជាយូរមកហើយ។ ប្រសិនបើលោក យឹម ភាន់ មិនពាក់ព័ន្ធទេនោះគឺគ្មានមូលហេតុអ្វីដែលអ្នកបើកបររថយន្តដឹកឈើ បើកចូលទៅក្នុងចម្ការរបស់ឈ្មោះ យឹម ភាន់ ៕
Recent Comments