លោក ​វណ្ណ​ សុ​ផា​ណ្ណា ​អតីត​នាយ​អធិកា​រដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាង​ជើងបឹង​ទន្លេសា​បជា​ឈ្មួញដឹក​ជញ្ជូន​ឈើយ៉ាង​សក​ម្ម?

ប្រភពពី​មន្ត្រីនគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ជា​របស់លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ សកម្មភាព​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​២​គ្រឿង​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ មាន​អ្នក​រត់ការ​ដល់​ទៅ​៣​នាក់ ទី​១​ឈ្មោះ ឆ័យ ទី​២​ឈ្មោះ វិសាល និង​ទី​៣ ឈ្មោះ ម៉ែន វុទ្ធី ហៅ​ធី​ឡយ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។ ដោយសារ​តែមាន​អ្នករត់​ការបើកផ្លូវ​បែបនេះហើយ​ទើប​លោក វណ្ណ សុ​ផា​ណ្ណា អាច​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​បទបញ្ជា​របស់លោក ហ៊ុន សែន​។

ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​ បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងតែ​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប កំពុង​ក្លាយទៅជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ​គ្មាន​សមត្ថកិច្ច​ណា​ ប៉ះពាល់​ឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​តាមផ្លូវ​ជាតិ​លេខ​៦​ពី​ខេត្តសៀមរាប ទៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ធំៗ​២​គ្រឿង​ដឹកឈើ​លើស​ចំណុះ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ហួស​ទៅ​ខេត្តបន្ទាយមានជ័យ តាមផ្លូវ​ជាតិ​លេខ​៦​ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​នោះទេ​។

​លោក វណ្ណ សុ​ផា​ណ្ណា នៅ​ធ្វើជា​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ និង​កំពង់ធំ កើនឡើង​យ៉ាង​ពេញបន្ទុក​ដោយមាន​ការបើក​ដៃ​ពី​លោក វណ្ណ សុ​ផា​ណ្ណា តែម្តង​។ ឥឡូវនេះ​ទោះបី​លោក វណ្ណ សុ​ផា​ណ្ណា អស់តំណែង​ជានា​យ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ យ៉ាងណាក៏ដោយ ក៏​លោក វណ្ណ សុ​ផា​ណ្ណា អាច​ក្លាយទៅជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ​យ៉ាង​រលូន​។ ភស្តុតាង​ជាក់ស្តែង​មិនអាច​ប្រកែក​បាន គឺ​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​លើ​ដង​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តសៀមរាប ទៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​នោះ គឺជា​របស់លោក វណ្ណ សុ​ផា​ណ្ណា​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​ករណី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់ ​៕

M05-03-16-95-700x400-Copy-Copy