ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន២នាក់ ដែលត្រូវដល់អាយុចូលនិវត្តន៍ នៅឆ្នាំ២០១៦នេះ គឺ៖ ១-លោក ប៉ែន សំអាត ត្រូវជាប្អូនប្រុសបង្កើតរបស់អតីតមេគយដ៏មានឥទ្ធិពល ប៉ែន ស៊ីម៉ន ត្រូវដល់អាយុចូលនិវត្តន៍ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ និង ២-លោក ហ៊ីវ គឹមហេង អតីតជាប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ ដែលមានប្រពន្ធជាមេឈ្មួញនាំស្ករសពីប្រទេសថៃដ៏ល្បីល្បាញ ដែលមិនមាននរណាហ៊ានប៉ះពាល់ឡើយ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ទោះយ៉ាងណាមានការលើកឡើងថា អគ្គនាយករងពីររូបនេះបើទោះជាអាយុហួសឌីឡេក៏មិនយល់ស្របតាមច្បាប់ ព្រមចូលនិវត្តន៍នោះដែរ ដោយកំពុងប្រើលទ្ធភាពគ្រប់បែបយ៉ាងដើម្បីពន្យាពេលចូលពេលចូលនិវត្តន៍ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា នៅឆ្នាំ២០១៦នេះ មានអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំនួន២នាក់ គឺ លោក ប៉ែន សំអាត និងលោក ហ៊ីវ គឹមហេង ត្រូវដល់អាយុចូលនិវត្តន៍។ ករណីនេះត្រូវបានល្បីពេញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាថា មានការរត់ការ និងស្វែងរកការអន្តរាគមន៍ យ៉ាងខ្វែកជើងដើម្បីពន្យាការចូលនិវត្តន៍ដោយចង់រក្សាតួនាទីខ្លាញ់ នេះឲ្យបានចើនឆ្នាំទៅមុខទៀត។ ប៉ុន្តែត្រូវបានរងការរិះគន់ពីមន្ត្រីគយតូចតាចដែលគ្មានខ្សែទុយោ ថា នេះជាទម្លាប់ អាក្រក់ដែលមន្ត្រីមានអំណាចមានលុយតែងតែបំពានច្បាប់ ដែលធ្វើឲ្យមន្ត្រីថ្នាក់ក្រោមៗបាក់ទឹកចិត្ត ។
ប្រភពដោយឡែកមួយទៀតបានបង្ហើបថា តាមរយៈប្រឹងប្រែងរត់ការពន្យាការចូលនិវត្តន៍លោក ប៉ែន សំអាត កំពុងទទួលបានភ្លើងខៀវគាំទ្រពីលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចមានផ្លូវពន្យាពេលបាន១ឆ្នាំ ក្នុងការបន្តអំណាចជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ចំណែកលោក ហ៊ីវ គឹមហេង ឮថាបានប្រឹងប្រែងប្រើខ្សែទុយោបូករួមនឹងដើមទុនរត់ការ ពន្យាពេលបានរហូតដល់៣ឆ្នាំទៀត ក្រោយពីអាយុដែលត្រូវដាក់ឲ្យចូលនិវត្តន៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦? ៕
Recent Comments