លោក​ យី ​ថុល​ មេគ​យច្រក​តំបន់​៤០០ ​សំឡូត​ បើក​ភ្លើង​ខៀវ​ឲ្យឈ្មួញ​នាំសាំង​​គេចពន្ធ​ពីសៀម?

ថ្មីៗ​នេះ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​ន៍​ដល់​មន្ត្រីរាជការ​ឲ្យ​ បាន​យ៉ាងតិច​មួយ​លាន​រៀល​នៅត្រឹម​ឆ្នាំ​២០១៨ ដូច្នេះ​ស្ថាប័នគយ​មាន​តួនាទី​សំខាន់​ក្នុងការ​ប្រមូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​ ច្រើន​បំផុត​ដើម្បី​សម្រេច​តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​សំឡូត បាន​រិះគន់ថា បើ​មន្ត្រី​គយ​នៅតែ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច នោះ​សកម្មភាព​ប្រមូល​ពន្ធ​របស់​រដ្ឋ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែល​នឹង​ប៉ះពាល់​ ដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។

ប្រជាពលរដ្ឋ​ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​រិះគន់​លោក ឈុន សុភមង្គល និង​លោក ថេ​ន ដែលជា​ប្រធាន និង​អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ជុំវិញ​ករណី​ឈ្មួញ​បន្ត​នាំចូល​សាំង​ គេចពន្ធ​ពី​ប្រទេស​សៀម​យកមក​លក់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា លោក យី ថុល មេ​គយ​ច្រក​តំបន់​៤០០​សំឡូត បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​សាំង​ពី​ប្រទេស​សៀម​ចូលមក​ទឹកដី​ខ្មែរ​រាប់សិប​ឡាន ​ក្នុង​មួយថ្ងៃៗ ដោយ​បង់ពន្ធ​មិនបាន​ពាក់កណ្តាល​ផង តែ​លោក ឈុន សុភមង្គល និង​លោក ថេ​ន មិន​ខ្វល់ខ្វាយ​ឡើយ​។​

ការនាំ​ប្រេងសាំង​ចូល​ពី​សំណាក់​ឈ្មួញ​មាន​ប្រាក់​មានអំណាច​ម្នាក់​ជា​ ម្ចាស់​ក្រុមហ៊ុន​ប៉ោ​ឌី ដោយ​ឃុបឃិត​ជាមួយ​លោក យី ថុល មេ​គយ​ច្រក​តំបន់​៤០០​សំឡូត ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​សំឡូត​ដឹងឮ​ជាទូទៅ​ខណៈ​មន្ត្រី​គយ​បន្ត​ភាព​ ស្ងៀមស្ងាត់​។ ប្រជាពលរដ្ឋ​ស្រុក​សំឡូត បាន​បញ្ជាក់ថា ការបើកផ្លូវ​ឲ្យ​រថយន្ត​ដឹ​សាំង​រាប់សិប​គ្រឿង​ឆ្លងដែន​ពី​ទឹកដី​សៀម​ចូលមក​ ទឹកដី​កម្ពុជា ចាក់​ស្ដុក​នៅ​ម្ដុំ​ស្រុក​សំឡូត ហើយ​នាំ​បន្ត​មក​លក់​ដល់​ខេត្តបាត់ដំបង ឬ​នាំទៅ​លក់​តាម​ខេត្ត​នានា​ទៀតផង​នោះ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​

ប្រជាពលរដ្ឋ​ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​រិះគន់ថា លោក ឈុន សុភមង្គល និង​លោក ថេ​ន ដែលជា​ប្រធាន និង​អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង មិនបាន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ភាពយុត្តិធម៌​នោះទេ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​បាន​យ៉ាង​រលូន​នៅ​ ខេត្តបាត់ដំបង ខណៈ​ឈ្មួញ​រកស៊ី​បន្តិចបន្តួច​មិនត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ផ្តល់​ ការអនុគ្រោះ​នោះទេ គឺ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ហ្មត់ចត់​បំផុត៕

rasmeinews_share_Cri_28_020316