ប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលរាល់ទង្វើមិនប្រក្រតីនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក្រោម ការគ្រប់គ្រងរបស់លោក ព្រហ្ម ចាន់សុខា ជាបន្ទាន់ផង។ ជាពិសេសនាយឧត្តមសនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មិនត្រូវទុកឲ្យលោក ព្រហ្ម ចាន់សុខា និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ ព្រោះក្នុងនាយកដ្ឋានលិខិតឆ្លងដែនមានមនុស្សច្រើនណាស់ គួរតែធ្វើការងារបានឆាប់រហ័សជូនប្រជាពលរដ្ឋតាមសេចក្ដីត្រូវការ។ ប្រជាពលរដ្ឋអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលបញ្ហានេះផងដែរ ព្រោះក្រុមមន្ត្រីនគរបាលនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនបច្ចុប្បន្ន កំពុងបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលទៅធ្វើ លិខិតឆ្លងដែនឬពន្យារលិខិតឆ្លងដែន ដោយពួកគេមិនបានយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនដែលមានចែងឡើយ។ ក្រោយពេលដកលោក វុធ ផល្លី ចេញពីតំណែងប្រធាននាយកដ្ឋានលិខិតឆ្លងដែន ហើយដាក់លោក ព្រហ្ម ចាន់សុខា ជំនួសវិញនោះគឺធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកកាន់តែខ្លាំងក្នុងការ ធ្វើលិខិតឆ្លងដែននិងពន្យារលិខិតឆ្លងដែន។ បញ្ហានេះកំពុងត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដូច្នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញផងដែរ ព្រោះមន្ត្រីនគរបាលនៅនាយកដ្ឋានលិខិតឆ្លងដែនមិនបំពេញតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវនោះទេ។ ជាងនេះទៅទៀតសេវាធ្វើលិខិតឆ្លងដែនបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញ ជាងជំនាន់លោក វុធ ផល្លី នៅធ្វើជាប្រធាននាយកដ្ឋានលិខិតឆ្លងដែនថែមទៀត។
តាមការអះអាងរបស់ប្រជាពលរដ្ឋដែលទៅពន្យារលិខិតឆ្លងដែនបានឲ្យ ដឹងថា នៅពេលពួកគាត់ទៅជួបមន្ត្រីទទួលបន្ទុកកិច្ចការនេះគេសួរថា តើត្រូវការប្រញាប់ឬធ្វើតាមដំណើរ? ប្រសិនបើត្រូវការយកប្រញាប់រយៈពេល១ថ្ងៃត្រូវបង់៣៥ដុល្លារ តើបើមិនប្រញាប់ទុករយៈពេល២ឬ៣ថ្ងៃតម្លៃត្រឹម១២ដុល្លារ។ មិនតែប៉ុណ្ណោះពួកគេប្រើល្បិចចុះឡើងធ្វើយ៉ាងណាដើម្បីយកលុយពី ប្រជាពលរដ្ឋដែលទៅពន្យារលិខិតឆ្លងដែនឲ្យបានច្រើនតាមជំនាញរបស់ខ្លួន ។ នៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនបច្ចុប្បន្នមានលោក ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រធានដល់ទៅ៨នាក់ ប៉ុន្តែការងារមានសភាពយឺតយ៉ាវខ្លាំងណាស់ ហើយពេលខ្លះមន្ត្រីនគរបាលធ្វើលិខិតឆ្លងដែនធ្វើប្ញកធ្វើពាដាក់ ប្រជាពលរដ្ឋដោយគ្មានសេចក្ដីអៀនខ្មាស ៕
Recent Comments