ប្រភពដែលស្និទ្ធនឹងលោក ទៀ សុខា បានឲ្យដឹងថា ប្រេងគេចពន្ធត្រូវគេនាំចូលតាមទូកធំៗឡើងនៅកំពង់ផែក្នុងស្រុក ស្ទឹងហាវ និងផែកោះខ្យងជាដើម ដោយពុំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ព្រោះគ្រាន់តែឮឈ្មោះលោកឧត្តមនាវីឯក ទៀ សុខា ពួកគេរួញខ្លួនគ្រប់គ្នាតែម្តង។ ជាងនេះទៅទៀតប្រភពខ្លះបានឲ្យដឹងថាលោកឧត្តមនាវីឯក ទៀ សុខា បានយកឈ្មោះក្រុមហ៊ុនសូគីម៉ិច ធ្វើជារបាំងសម្រាប់នាំចូលប្រេងសាំងគេចពន្ធតាមសមុទ្រ ហើយដឹកយកទៅចែកចាយនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកំពង់ស្ពឺ ហើយក៏មានចូលមកដល់រាជធានីភ្នំពេញផងដែរ។ ប្រការនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការពិនិត្យមើលផងដែរ ព្រោះបទល្មើសនាំចូលប្រេងគេចពន្ធតាមដែនសមុទ្រធ្វើឲ្យរដ្ឋត្រូវ ខាតបង់ចំណូលពន្ធយ៉ាងច្រើន ហើយតម្លៃប្រេងក្នុងប្រទេសកម្ពុជានៅតែខ្ពស់ជាងប្រទេសជិតខាងដដែល ដោយសារឈ្មួញឃុបឃិតជាមួយក្រុមមន្ត្រីពុករលួយ។
ប្រភពពីមន្ត្រីយោធានៅតាមបណ្ដាកោះមួយចំនួនក្នុងដែនសមុទ្រនៃ ខេត្តព្រះសីហនុ បានឲ្យដឹងថាលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ កំពុងតែប្រើប្រាស់អំណាចនិងតួនាទីមិនប្រក្រតី។ ប្រភពបានឲ្យដឹងទៀតថា លោកឧត្តមនាវីឯក ទៀ សុខា គឺជាអ្នកកាងបទល្មើសនាំចូលប្រេងគេចពន្ធពីប្រទេសសៀមចូលស្រុកខ្មែរ តាមសមុទ្រក្នុងខេត្តព្រះសីហនុ ដោយគ្មាននរណាហ៊ានប៉ះពាល់ឡើយ។ សកម្មភាពនាំចូលប្រេងគេចពន្ធរបស់ក្រុមឈ្មួញស្និទ្ធនឹងលោកឧត្តមនា វីឯក ទៀ សុខា មានទំហំធំធេងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើលោក ទៀ សុខា និងបក្ខពួក។
មន្ត្រីយោធាជើងទឹកនៅខេត្តព្រះសីហនុ និងមូលដ្ឋានរាម បានលើកឡើងថា ការដែលលោកឧត្តមនាវីឯក ទៀ សុខា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាងអំណាចនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលជាឪពុករបស់ខ្លួន។ ម្យ៉ាងទៀតលោក ទៀ សុខា ក៏អាងអ៊ុំប្រុសរបស់ខ្លួន គឺនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផងដែរ ដូច្នេះគ្មាននរណាហ៊ានប៉ះពាល់ឡើយ។ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ បានដឹងយ៉ាងច្បាស់ពីករណីលោកឧត្តមនាវីឯក ទៀ សុខា នៅពីក្រោយបទល្មើសនាំចូលប្រេងសាំងគេចពន្ធជ្រកក្រោមយីហោក្រុមហ៊ុន សូគីម៉ិច ក៏ប៉ុន្តែគ្មាននរណាហ៊ានក្អកឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលបទល្មើសនាំចូលប្រេងគេចពន្ធតាមដែនសមុទ្រជាបន្ទាន់ ៕
Recent Comments