ប្រជាពលរដ្ឋបានលើកឡើងថា ហាក់គ្មានការយកចិត្តទុកដាក់ អើពើពីសំណាក់អាជ្ញាធរនោះទេ មិនថាជាថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្តដែលជាហេតុធ្វើឲ្យវរការពារព្រំដែនលេខ៨៩១ដឹកនាំដោយ លោក ហាំ វណ្ណៈ មានឱកាសឃុបឃិតជាមួយឈ្មួញប្រព្រឹត្តបទល្មើសេដ្ឋកិច្ច។ ប្រភពដដែលបានបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចបានជំរុញឲ្យមានការនាំចូលទំនិញ ខុសច្បាប់ជាច្រើនដូចជា ហ្គាស សំបកដប ទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យបានរាយការណ៍បង្ហើប ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់បានសង្កេតឃើញមាន បទល្មើសឆ្លងដែនជាច្រើន នៅតាមច្រករបៀងតាមព្រំដែនដែលឈ្មួញប្រើប្រាស់សម្រាប់នាំចូល ទំនិញគេចពន្ធ និងឲ្យពលករខ្មែរចេញទៅធ្វើការខុសច្បាប់នៅប្រទេសសៀម។ ប្រភពដដែលបានបញ្ជាក់ថា វរការពារព្រំដែនលេខ៨៩១ដឹកនាំលោក ហាំ វណ្ណៈ ក៏ជាប់ពាក់ព័ន្ធជាមួយបញ្ហាខាងលើនេះផងដែរ។
លោកសូរ ចាន់ណារី មេបញ្ជាការវរការពារព្រំដែន ៩១១ ក៏ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា នៅតំបន់គ្រប់គ្រងរបស់លោក មានការនាំចូលទំនិញគេចពន្ធ ដូចជាម៉ូតូ ទូរទស្សន៍ជាច្រើន និងការបើកដៃឲ្យពលករខ្មែរឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសសៀម ។ ប្រភពដដែលបានបញ្ជាក់ថាបទបញ្ជារបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ខាងលើនេះគ្មានប្រសិទ្ធភាពនោះទេ ព្រោះច្បាប់សម្រាប់អនុវត្តន៍មិនត្រូវបានមន្ត្រីពាក់ព័ន្ធគោរពតាម ឡើយ។
កន្លងមក លោកឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានគណៈបញ្ជាការទិសភូមិភាគទី៤ និងភូមិភាគទី៥ ធ្លាប់បានព្រមានធ្ងន់ៗ ដល់មន្ត្រីក្រោមឱវាទដោយបានហាមដាច់ខាតមិនឲ្យមានបទល្មើសឆ្លងដែន គ្រប់ប្រភេទ ពិសេសពលករដែលឆ្លងដែនខុសច្បាប់ តែបញ្ហានៅតែកើតមាននៅឡើយរហូត ៕
Recent Comments