លោក​អ៊ុំ ​វណ្ណា​ គ្រប់​គ្រង​ការងារ​ប៉ូលិស​សេដ្ឋកិ​ច្ច ៥ ​ខេត្តម្នាក់​ឯង​ល្បីឈ្មោះ​ខាងបទ​ល្មើស​ព្រៃ​ឈើ ?

មាន​មន្ត្រី​ប៉ូលីសនិង​ប្រជាពលរដ្ឋ​មួយចំនួន បាន​នាំគ្នា​និយាយ​រិះគន់ ជាច្រើន​ឆ្នាំ​មកហើយ ទៅ​លើ​ថ្នាក់ដឹកនាំ នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ ដែល​តែងតែបាន​ចាត់តាំង ប្រគល់​អំណាច​ឲ្យ​មន្ត្រីៗ ប៉ូលិស​សេដ្ឋកិច្ច មួយ​ក្ដាប់​តូច​របស់​ខ្លួន មាន​សិទ្ធិ​ទៅ​គ្រប់គ្រង​ត្រួតត្រា លើ​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច រហូតដល់​ទៅ​ពីរ ឬ​បី ឬ​បួន ឬ​ប្រាំ​ខេត្ត ផ្ដាច់មុខ​តែ​ម្នាក់ឯង ដូចជា​ករណី​លោក អ៊ុំ វណ្ណា ជាដើម ប្រៀប​ដូច​ជា​នាយកដ្ឋាន ប៉ូលិស​សេដ្ឋកិច្ច​នេះ ខ្វះខាត​ធនធានមនុស្ស ខ្លាំង​ណាស់​អញ្ចឹង​…​។​

​​​ការប្រគល់​អំណាច​ឲ្យ​លោក អ៊ុំ វណ្ណា ក្ដោប​ក្ដាប់​ការងារ​ផ្ដាច់មុខ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ៥​ខេត្ត តែម្នាក់ឯង​បែបនេះ បាន​និង​កំពុង​ធ្វើឲ្យ អ្នក​ដែល​បានដឹង​រឿង​នោះ នាំគ្នា​និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ​ថា មិនគួរ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដែលមាន​សម្ដេច ក្រឡា​ហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​រដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជា​អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ជា​ប្រធាន​ថ្មី នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ឲ្យ​តម្លៃ​ខ្លាំង​លើ​លោក   អ៊ុំ វណ្ណា តែ ​ម្នាក់ ហាក់បីដូច​ជា​បំភ្លេចចោល ឬ​មិន​ឲ្យ​តម្លៃ​ចំពោះ  មន្ត្រីៗ​ប៉ូលិស​សេដ្ឋកិច្ច ជាច្រើន​នាក់​ផ្សេងទៀត ដែល​នៅ​គរ​ជើង​លើ​គ្នា និង​មាន​អ្នកខ្លះ គ្មាន​ការងារ​អ្វី​ធ្វើ ឬ​អង្គុយ​អាន​កាសែតនៅ​កន្លែង ​រាល់​ថ្ងៃ​ ។

​កន្លងមក មាន​ការរិះគន់​ថា កាល​លោក   អ៊ុំ វណ្ណា គ្រប់គ្រង ​ការងារ ៣-៤ រាជធានី​/​ខេត្ត តែ​ម្នាក់​ឯង​នោះ បាន​ធ្វើឲ្យ​កើតមាន បទល្មើស​សេដ្ឋកិច្ច មិន​តិច​ទេ​នៅ​ខេត្ត​ទាំងនោះ ជាពិសេស បទល្មើស​ព្រៃឈើ​តែ​ម្ដង​… ព្រោះ​មាន​មន្ត្រីៗ ប៉ូលីស​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ គ្រប់គ្រង​ដោយ​លោក   អ៊ុំ វណ្ណា តែងតែ​បាន​យក តួនាទី​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ពួក​ឈ្មួញ ប្រព្រិត្តបទ​ល្មើស ច្រើន​ជាង​ការ​ទៅ បង្ក្រាប​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច ។
ទង្វើ​អសកម្ម​បែបនេះ ក៍​បាន​ធ្វើឲ្យ​លោក  អ៊ុំ វណ្ណា ក្លាយទៅជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ដែល​ត្រឹម​ឧកញ៉ា​ល្មមៗ មិន​មាន​ទ្រព្យសម្បត្តិ​ស្មើ ឬ​ប្រហាក់ប្រហែល​លោក   អ៊ុំ វណ្ណា ដ៍​អស្ចារ្យ​នោះទេ ៕

96