មេ​​នគរបា​ល​ប្រឆាំ​ង​បទល្មើស​​សេដ្ឋ​កិច្ចក្រ​​សួងម​ហា​ផ្ទៃ​ដាក់​​កុងត្រូល​​ជជុះ​ប្រ​មូល​​លុយ?

ប្រភពពី​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹងថា កុងត្រូលជជុះ​ដែល​លោក ទៀង សារ៉ាត់ បង្កើតឡើង​នោះ​ស្ថិតនៅ​ចំណុច​ផ្សារ​ស្លឹក ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​តែង​ជំរិត​យកលុយ​ពី​ពួកគាត់​ទាំងយប់​ទាំង​ថ្ងៃ​។ ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​ពួកគាត់​ដឹកទំនិញ​ឆ្លងកាត់​មុខ​កុងត្រូលជជុះ​នោះ ហើយ​មិន​ចូល​បង់លុយ​តាម​ការកំណត់ គឺ​កូនចៅ​លោក ទៀង សារ៉ាត់ ចេញ​រត់​យន្ត​ប្រដេញ​ចាប់យក​ទំនិញ​គំរាម​ឲ្យ​បង់ប្រាក់​២​ទៅ​៣​ដង​ស្រេច​តែ​ អំពើ​ចិត្ត​របស់​ពួកគេ​។ ប្រការនេះ​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រក​ បរបរ​ចិញ្ចឹមជីវិត ចំណែក​លោក ទៀង សារ៉ាត់ និង​បក្ខពួក​សប្បាយ​ក្នុងការ​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​។

លោក ទៀង សារ៉ាត់ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្តកំពត កំពុងតែ​ល្បីល្បាញ​ខាង​ប្រើ​អំណាច​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​នេះ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ក៏ត្រូវ​គេ​គាប​យកលុយ​​ដែរ​ ។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ដឹក​ជ​ញ្ញូ​ន​កសិផល​ទៅ​លក់​នៅ​ស្រុក​យួន រិះគន់​ខ្លាំងៗ​ទៅលើ​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​ក្នុង​ទឹកដី​ខេត្តកំពត​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពិនិត្យមើល​សកម្មភាព​មិន​ប្រក្រតី​របស់លោក ទៀង សារ៉ាត់ និង​បក្ខពួក​ខ្លះ​ផង​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

សមត្ថកិច្ច​ពាក់​ព័​ន្ថ​ក្នុង​ខេត្តកំពត ក៏បាន​រិះគន់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំ​ ខេត្តកំពត ដែល​ដឹកនាំ​ដោយ​លោក ទៀង សារ៉ាត់ នោះដែរ​ព្រោះ​ទង្វើ​របស់​ពួកគេ​ផ្ទុយ​ពី​តួនាទី​របស់​ពួកគេ​ទាំងស្រុង​ ។ ជាការ​ពិត​ពួកគេ​ទទួលបាន​លិខិត​បេសកកម្ម​ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បង្ក្រាប​ទំនិញ​ខុសច្បាប់​ឬ​បទល្មើស​សេដ្ឋកិច្ច ប៉ុន្តែ​ពួកគេ​បែរជាយក​លិខិត​បេសកកម្ម​នោះ ទៅ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ក៏​ត្រូវគេ​ជំរិត​យ​លុយ​យ៉ាង​ងងើល​ដែរ​ ។ ប្រការនេះ​បើ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំ​ពោះ​ដ៏​អាក្រក់​របស់លោក ទៀង សារ៉ាត់ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ ​៕

1bc1