ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា ការនាំចូលទំនិញខុសច្បាប់ជាច្រើនប្រភេទដូចជា ហ្គាស ទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូ មានចំនួនកាន់តែច្រើនឡើងៗនោះ ជាក់ស្តែងអាជ្ញាធរថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្ត ហាក់គ្មានការអើពើចាត់វិធានការទប់ស្កាត់ ។ ប្រភពដដែលបានបញ្ជាក់ថាជារៀងរាល់ថ្ងៃ និងពេលយប់ តាមបណ្ដោយព្រំដែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនគរបាលវរការពារព្រំដែនគោក ៩១១ ចំណុះឲ្យស្នងការដ្ឋានខេត្តបន្ទាយមានជ័យ មានច្រករបៀងលួចលាក់ បើកឲ្យមានការចរាចរណ៍បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងនោះក៏មានពលករខ្មែរខុសច្បាប់បានលួចឆ្លងដែនចូលទៅធ្វើការនៅ ប្រទេសសៀម ។
ក្រោមការគ្រប់គ្រងរបស់មេបញ្ជាការវរការពារព្រំដែន ៩១១ លោក សូ ចាន់ណារី ត្រូវប្រជាពលរដ្ឋ លើកឡើងថា នៅតំបន់គ្រប់គ្រងរបស់លោក មានការនាំចូលទំនិញគេចពន្ធ ដូចជាម៉ូតូ ទូរទស្សន៍ជាច្រើន និងបើកដៃឲ្យពលករខ្មែរលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសសៀម ក្នុងមួយថ្ងៃៗ រាប់រយនាក់។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាខាងលើនេះបានកើតឡើងតាំងពីឆ្នាំ២០១៥ តែរហូតមកដល់ពេលនេះនៅតែគ្មានស្ថាប័ន ឬមន្ត្រីជាន់ខ្ពស់ណាចេញវិធានការទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបានលើកឡើងថា លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានដឹងពីបញ្ហាបទល្មើសតាមព្រំដែន ផងដែរ ប៉ុន្តែនៅតែបន្តភាពស្ងៀមស្ងាត់បើទោះជាបញ្ហាខាងលើកំពុងបង្ក ភាពអនាធិបតេយ្យនៅតាមបន្ទាត់ព្រំដែនក៏ដោយ។ ប្រភពដដែលបានរិះគន់ថា លោក អាត់ ខែម គប្បីសហការជាមួយស្ថាប័នជំនាញផ្សេងទៀតដោះស្រាយបញ្ហាបទល្មើសតាម ព្រំដែន ឬក៏អាចបញ្ជូនបញ្ហាទៅថ្នាក់លើឲ្យជួយដោះស្រាយ។
កន្លងមក លោកឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានគណៈបញ្ជាការទិសភូមិភាគទី៤ និងភូមិភាគទី៥ ធ្លាប់បានព្រមានធ្ងន់ៗ ដល់គណៈបញ្ជាការក្រោមឱវាទទាំងអស់មិនឲ្យមានបទល្មើសឆ្លងដែនគ្រប់ ប្រភេទ ជាពិសេសពលករដែលឆ្លងដែនខុសច្បាប់ តែភាពជាក់ស្តែងបទល្មើសនៅព្រំដែននៅតែបន្តកើតមានដដែល៕
Recent Comments