ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះនៅច្រកអន្តរជាតិចាំយាម ឈ្មួញបាននាំចូលម៉ូតូទំនើបៗគេចពន្ធរាប់រយគ្រឿងដោយសារតែមានការ ឃុបឃិតជាមួយសមត្ថកិច្ចគយក្នុងខេត្តកោះកុង។ ចំណែកនៅច្រកស្រែអំបិល និងច្រកប៉ាក់ខ្លង ក៏ឈ្មួញបន្តសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យផងដែរ ព្រោះក្នុងនាមជាប្រធានសាខាគយខេត្តកោះកុង លោក សំ កុសល គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ មានឈ្មួញខ្លះនាំចូលចំណីអាហារខូចគុណភាពដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិត មានលាយសារធាតុគីមីក្នុងមួយថ្ងៃៗជាច្រើនតោនយកមកចែកចាយលើទីផ្សារ ក្នុងប្រទេសកម្ពុជា។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានរិះគន់ថា គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយ កំពុងបរាជ័យយ៉ាងអាម៉ាស់ ព្រោះមន្ត្រីគយតាមច្រកព្រំដែននិងប្រធានសាខាគយតាមបណ្ដាខេត្ត មួយចំនួន បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើ ចិត្ត។ ក្នុងនោះលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុង កំពុងល្បីល្បញខាងបើកដៃឲ្យឈ្មួញខិលខូចនាំចូលម៉ូតូគេចពន្ធ និងទំនិញគេចពន្ធជាច្រើនប្រភេទ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រហែលទទួលបានផលប្រយោជន៍ពីលោក សំ កុសល យ៉ាងគាប់ចិត្តទើបបណ្ដោយឲ្យមេគយខេត្តកោះកុងរូបនេះ ធ្វើអ្វីៗស្រេចអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលមិនពេញចិត្តចំពោះ អំពើពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា មានក្រុមហ៊ុនធំៗ៣ធ្វើសកម្មភាពនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់ ហើយសមត្ថកិច្ចគយជាអ្នកឃុបឃិត។ ក្រុមហ៊ុនទាំង៣នោះរួមមាន ក្រុមហ៊ុនគឹមយ៉ារស្មី ដែលមានថៅកែឈ្មោះ ចែហួង, ក្រុមហ៊ុនរស្មីរតនៈ ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក និងក្រុមហ៊ុនមួយទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចគយ ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនទាំងនេះបង់ពន្ធលើការនាំចូលទំនិញប្រមាណ១០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតជាមួយមេគយខេត្តកោះកុង និងគយចល័តតាមដងផ្លូវពីកោះកុង មករាជធានីភ្នំពេញ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើលអំពើពុករលួយរបស់សមត្ថកិច្ចគយខេត្តកោះកុង ៕
Recent Comments