ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សា លាង ទំនងជាខាតបង់ផលប្រយោជន៍ពីការយកភាស៊ី ពីក្រុមអាជីវករ និងថ្លៃផ្ញើកង់ម៉ូតូយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗនោះ បានស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នជាច្រើន ដើម្បីយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងធ្វើអាជីវកម្មវិញ។ មិនតែប៉ុណ្ណោះឧកញ៉ា សា លាង បានប្ដឹងអភិបាលក្រុងបានលុង ពីបទរំលោភសិទ្ធិលើវិនិយោគទុនធ្វើអាជីវកម្មប្រមូលភាស៊ី និងភាស៊ីផ្ញើកង់ម៉ូតូ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឧកញ៉ា សា លាង បានប្រើប្រាស់មេដៃរបស់ប្រជាពលរដ្ឋទៅប្តឹងសុំឲ្យថ្នាក់លើដកហូត តំណែងអភិបាលក្រុងបានលុងទៀតផង។
ប្រភពពីមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា ល្បិចកលអាក្រក់របស់ឧកញ៉ា សា លាង ដែលជាអ្នកវិនិយោគទុនផ្សារបានលុង ក្នុងបំណងយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងដោយខ្លួនឯងនោះ គឺមិនអាចធ្វើទៅបានឡើយ។ ជាក់ស្តែងអាជ្ញាធរខេត្តរតនគិរី និងអាជ្ញាធរក្រុងបានលុង បានដកហូតដីមុខផ្សារទំហំ៥៤គុណនឹង១០០ម៉ែត្រ ពីក្រុមហ៊ុនហេងតារា មកគ្រប់គ្រងវិញធ្វើឲ្យមេឈ្មួញរូបនេះក្ដៅក្រហាយយ៉ាងខ្លាំងដោយសារ បាត់បង់ផលប្រយោជន៍។ លើសនេះទៅទៀតឧកញ៉ា សា លាង មិនដែលអនុវត្តន៍ឲ្យត្រឹមត្រូវក្នុងការប្រមូលភាស៊ីស្របតាមសៀវភៅ បន្ទុករបស់ក្រសួងហិរញ្ញវត្ថុឡើយ។
អាជីវករផ្សារបានលុងមួយចំនួនបានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនហេងតារា របស់ឧកញ៉ា សា លាង បានរំលោភបំពានលើដីសាធារណៈរបស់រដ្ឋនៅមុខផ្សារជាថ្មីម្តងទៀត ដោយអាជ្ញាធរខេត្តដែលមានលោក ថង សាវុន ជាអភិបាលខេត្ត មិនទាន់បង្កើតគណៈកម្មការដើម្បីប្រគល់-ទទួលផង។ ឧកញ៉ា សា លាង ហាក់ដូចជាមើលស្រាលអាជ្ញាធរក្រុងបានលុង និងអាជ្ញាធរខេត្តរតនគិរីជាខ្លាំង ដោយនៅតែធ្វើសកម្មភាពប្រមូលភាស៊ីនៅលើដីសាធារណៈរបស់រដ្ឋដែល កំពុងមានភាពចម្រូងចម្រាសរវាងក្រុមហ៊ុនហេងតារា និងអាជ្ញាធរ។ ជាងនេះទៅទៀតឧកញ៉ា សា លាង នៅតែធ្វើអ្វីៗតាមអំពើចិត្តដោយបំពានយកផ្លូវសាធារណៈជួលឲ្យ អាជីវករលក់ដូរនិងយកលុយថ្លៃផ្ញើកង់ម៉ូតូមិនគោរពតាមសៀវភៅបន្ទុក ៕
Recent Comments