មេ​កាំកុងត្រូល​នៅ​ច្រក​ភ្នំ​ដី​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​គ្មាន​គុណភាព​តាម​អំពើ​ចិត្ត !

តាម​ការ​ថ្លែង​ដោះ​សារ​របស់ លោក សុ ផល មន្ត្រី​កាំកុងត្រូល ច្រកទ្វារ​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​ថ្លែង ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​គ្មាន​គុណភាព​តាម​ច្រកទ្វារ​ព្រំដែន​ភ្នំ​ដី​ដូច​ការចោទប្រកាន់​ រប ស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​លោក សុ ផល បាន​ពន្យល់ថា លោក​និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ធ្វើកា​រ ត្រួតពិនិត្យ​តាម​ជំនាញ ជា​រៀងរាល់ថ្ងៃ សំដៅ​ទប់ស្កាត់​មិន​ឱ្យ​ទំនិញ​ខូច​គុណភាព និង​ទំនិញគេចពន្ធ​នាំ​ចូល​ប្រទេស​កម្ពុជា​។ តែ​ការលើកឡើង​របស់​លោក សុ ផល ត្រូវបាន​ប្រជាពលរដ្ឋ​បដិសេធ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះតែ​គេ​ឃើញ​សកម្មភាព​បទ ល្មើស​ទំនិញ​ខូច​គុណភាព​នាំ​ចូល​តាម​ច្រក​នោះ​ដដែល ។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​រាយការណ៍​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ និង​ចំណី ត្រី សាច់​ជាច្រើន​ប្រភេទ​ដែល​ខូច​គុណភាព​ឆ្លងកាត់​តាម​ច្រក​តំបន់ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន យកទៅ​ចែកចាយ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​។​
​ប្រភព​ដដែល​បាន​រៀបរាប់ថា គេ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ចេញមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ហើយ​ទំនិញ​ទាំង នោះ​មានដូចជា ទឹកក្រូច ទឹក​ផ្លែឈើ​ផ្សេងៗ ពិសេស​គឺ​សាច់ជ្រូក ត្រី និង​មាន់​ត្រូវ​មីន ស្លាប ជង្គង់​មាន់​នោះ​តែម្តង ដែល​ត្រូវ បាន​ឈ្មួញ​នាំចូល​ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ភាគច្រើន​មិន​បាន​បង់ពន្ធ​ឱ្យ បាន​ត្រឹមត្រូវ​នោះទេ​។​

​ផ្ទុយទៅវិញ បើ​ទោះ​ជា​មន្ត្រី​ជំនាញ​នៅ​ច្រក​ទ្វារ​ព្រំដែន​ភ្នំ​ដី​បាន​ព្យាយាម​ថ្លែង ការពារ​ខ្លួន​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បានបញ្ជាក់​ថា ឈ្មួញ​ធំៗ​មន្ត្រី​ជំនាញ​មិន​ទាំង​ហ៊ាន​ទៅ​ក្បែរ ឬ​រុះរើ​ទំនិញ​គេ​ឡើយ គឺមាន​តែ​សម្រួល​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដោយ​រលូន ដើម្បី​យក​គាប់​យក​គួរ និង​គ្រាន់​បាន​ទទួល​ជា​ប្រចាំ​ខែ​នោះ ។

​ដោយឡែក ឯ​ឈ្មួញ​តូចតាច​វិញ​ត្រូវ​ក្រុម​មន្ត្រី​ជំនាញ​បង្ក​ការ​រាំងស្ទះ​តាម​គ្រប់ រូបភាព​ដើម្បី​ជម្រិត​ទារលុយ ។ ចំពោះ បញ្ហា​ខាងលើ​នេះ ត្រូវបាន​គេ​សង្ស័យថា កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដី​អាច​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ យ៉ាង​ត្រូវប៉ាន់​បំផុត​ប្រចាំខែ ។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​នៅ​ក្រសួង​ពាណិជ្ជកម្ម​គប្បី​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះមក​ស៊ើបអង្កេត ករណី​ខាងលើ​ឱ្យបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​ធ្វើ​ដូច​សព្វថ្ងៃ​នេះ​ទៀត ថវិកា​ជាតិ​ក៏​បាត់បង់ ប្រជាពលរដ្ឋ​ក៏​រងគ្រោះ​ដោយ​ការប្រើ ប្រាស់​ផលិតផល​គ្មាន​គុណភាព ឱ្យ​ចូល​យ៉ាង​ទំនើង​ដោយ​គ្មាន​ការទប់ស្កាត់​នោះ ៕

chansophal_morkpicrith