មេ​បញ្ជា​ការវរសេ​នាតូច​៣០៣​ ស្រុកពេ​ជ្រាដា​ ឃុបឃិត​ជាមួយ​បទល្មើស​ព្រៃឈើ​ខុស​​ច្បាប់?

លោក សៀន ស៊ី​វន មេបញ្ជាការ​វរ​សេនា​តូច ៣០៣ ប្រចាំ​ច្រក​ដាក់​ចូរ រង​ការ​ចោទថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​ជនជាតិ​យួន​ក្នុងការ​អនុញ្ញាត​ឲ្យ ​មានការ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន ហើយ​ដែល​ឈើ​ទាំងនេះ​ត្រូវបាន​គេ​កាប់​ចេញពី​តំបន់​ព្រៃ​ការពារ​ភ្នំ​ណាំ​លៀ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា និង​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ឈើ​ធំៗ​ដែល​លាក់ទុក​ឈើ​ត្រៀម​ដឹក​ឆ្លងដែន​ទៅ​លក់​បន្ត​នៅក្នុង​ ប្រទេស​យួន​តាម​ច្រក​ដាក់​ចូរ ហៅ​ប៉ុស្តិ៍ ៦ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មេបញ្ជាការ​វរ​សេនា​តូច​៣០៣ លោក សៀន ស៊ី​វន បាន​ទទួលស្គាល់ថា​ពួកគេ​ពិតជា​មានការ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ នៅតាម​ព្រំដែន​ពិតមែន ទើប​អាច​ដឹកឈើ​ឆ្លងដែន​បាន​យ៉ាង​រលូន​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ​ថា ឈើ​ប្រណីត​ចំនួន​១០០​ដុំ បាន​ត្រូវគេ​ប្រទះឃើញ​នៅក្នុង​អូរ​មួយកន្លែង ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈើ​ដែល​ត្រូវ​រកឃើញ​ខាងលើនេះ​មិនមែនជា​លើកទីមួយ​ នោះទេ ព្រោះ​កន្លងមក​គេ​ក៏​ធ្លាប់​ប្រទះឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​ ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា​ផងដែរ ហើយ​គេ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​។​

​ ​ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​លើកឡើងថា បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី ភាគច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដែល​បញ្ហា​ទាំងនេះ គឺ​បណ្តាលមកពី​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​គ្មាន​ ប្រសិទ្ធភាព ខណៈ​មន្ត្រី​ជំនាញ​មាន​កម្រិត​ប្រាក់ខែ​ទាប​នៅឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បណ្តា​ខេត្ត​របស់​ប្រទេស​យួន​ពុំមាន​ករណី​សមត្ថកិច្ច​ជំនាញ​ឃុបឃិត​ ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​ព្រៃឈើ​ដូច​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ហើយ​បើ​មាន​មន្ត្រី​ខិលខូច​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ ​៕

20131223b