លោក​ផ្កាយ១​ ឡុង ​ស្រេង ​មេគ្រប់​គ្រង​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ដុះស្លែ​ច្រើន​ឆ្នាំដោយ​គ្មានការ​ផ្លាស់ប្ដូរ !

ភ្នំពេញ​៖មន្ត្រីៗ​ប៉ូលិស​មួយចំនួន បាន​សំណូមពរ​ថា សូម​ឲ្យ​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន ​ថ្មី​នៃ នាយកដ្ធាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ធកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ​ពិតប្រាកដ នៅក្នុង​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​នោះ​ផង ពោល​គឺ​កុំឲ្យ​លោក ឡុង ស្រេង នៅតែ ​បាន​កាន់កាប់​កន្លែង​ខ្លាញ់ គ្រប់គ្រង​នគរបាល​សេដ្ឋកិច្ច នៅ​រាជធានី​ភ្នំពេញ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​មិន​មាន​ការផ្លាស់ប្ដូរ​ ។

 

ប្រភព​ព័ត៌មាន​មួយ​ចំនួន បានឲ្យដឹងថា សព្វថ្ងៃនេះ​លោក ឡុង ស្រេង  កាន់តែ​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ក្រោយពី​គាត់​ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យបាន​ឡើង  បុណ្យ​សក្ដិ​ជា​ឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​អំណាច អាច​ដឹកនាំ​គ្រប់គ្រង ទៅលើ​មន្ត្រីៗ​នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត ដោយ​គ្មាន​ការផ្លាស់ប្ដូរ​ ។​

​ ​លោក ឡុង ស្រេង កាន់តែ​ត្រូវប៉ាន់​ជាង​មុន​នេះ ដោយសារ​ហេតុ​ថា កាលពី​មុន​គាត់ (​ឡុង ស្រេង) មាន​បុណ្យ​សក្ដិ​ត្រឹម ថ្នាក់​ជា​វរសេនីយ៍ និង​ជា​អតីត នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គាត់​មាន​ឈ្មោះ​ល្បី​ខ្ទរខ្ទា នៅក្នុង​ចំណោម​ពួក​ឈ្មួញៗ​… ធ្វើឲ្យ​គាត់​មាន​ទ្រព្យសម្បត្តិ  ស្ដុកស្ដម្ភ​មហាសាល ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យបាន​ឡើងបុណ្យ​សក្ដិធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​?

​កន្លងមក​មាន ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្លាប់បាន​ចុះផ្សាយ​ថា មាន​ក្រុម​អាជីវករ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ បាន​នាំគ្នា​និយាយ រិះគន់​យ៉ាង​ខ្លាំង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួងមហាផ្ទៃ ជា​កូនចៅ​ផ្ទាល់​របស់​លោក ឡុង ស្រេង ដែល​បាន​បង្ខំ​ឱ្យ​ពួក​ឈ្មួញ និង​ម្ចាស់​អាជីវកម្ម​ខ្លះ  ត្រូវ​បង់លុយ​ជា​ប្រចាំ​ខែ ទៅ​ឲ្យ​ពួកគេ​ជា​ថ្នូរ​នឹង​ការ មិន​ធ្វើ​ការត្រួតពិនិត្យ ទៅលើ​ម្ហូបអាហារ​លក់ដូរ ឬ​ទំនិញ​ផ្សេងៗ នៅក្នុង​ហាង​រកស៊ី ឬ​នៅ​តាម​ផ្ទះ ឬ​នៅ​តាម​ឃ្លាំង​ស្តុក​ទំនិញ​នានា ។ ប៉ុន្តែ​លោក ឡុង ស្រេង ក៍​តែងតែ​បដិសេធ​ដែរ​ថា មិន​មាន​ករណី​ទាំងនេះ កើតឡើង​នោះ​ឡើយ ហើយ​បើ​មាន​… ក៍​គាត់​មិន​ទទួលខុសត្រូវ ចំពោះ​រឿង​នេះ​ដែរ ។​

​ក្រៅពី​មាន​រឿងអាស្រូវ​ដូចខាងលើ កន្លងមក​ក៍មាន​ព័ត៌មាន​ថា មានការ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ តាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​ពី ប្រទេស​វៀតណាម តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម​ពី​សំណាក់​លោក ឡុង ស្រេង ដែល​ទទួលបន្ទុក ដឹកនាំ​គ្រប់គ្រង​លើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នោះទេ​… ។ គេ​សង្ស័យថា លោក​ឧត្តមសេនីយត្រី ឡុង ស្រេង ប្រហែល​ជា​ទទួលបាន លាភសក្ការៈ​ដាក់​ថ្ងៃ​ដាក់​ខែ ពី​ពួក​ឈ្មួញ​គេចពន្ធ ទាំងនោះ​ហើយ បានជា​គាត់​សម្ងំ​នៅ​ស្ងៀម យ៉ាង​ត្រជាក់ចិត្ត​បែបនេះ ៕
95