មេ​​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រ​កាល្បី​រាប់​ក្បាល​​ជនជាតិ​យួន​​ឆ្លងដែន​យក​លុយ​

​រាជធានី​ភ្នំពេញ​ ៖ ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន​ឃុបឃិត​គាប​ជម្រិត​អ្នកជំងឺ​ឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញ​ឱ្យ​បង់​លុយ​តាម​អំពើ​ចិត្ត និង​ជាពិសេស​គឺ​ករណី​ឃុបឃិត​ឱ្យ​ជនជាតិ​យួន ឆ្លងដែន​ចូល​ស្រុក​យកលុយ​តាម តែ​ទំនើងចិត្ត​ប្រឆាំង​នឹង​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាង​ចេញមុខ​បំផុត  ។​

​តាម​មន្ត្រី និង​ឈ្មួញ​ទម្លាយ​ទៀតថា ករណី​ប្រជាពលរដ្ឋ​ឆ្លងកាត់ ខណៈ​នាយប៉ុស្តិ៍​រូបនេះ ធូររលុង​អនុញ្ញាតឱ្យ​ជនជាតិ យួន​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយ​មិន​ចាំបាច់​ពិនិត្យ​ទៅលើ​ឯកសារ លិខិតឆ្លងដែន​នោះ ។ គឺជា​ការបំពាន​ប្រឆាំង​ទាំងស្រុង​ទៅ និង​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទាំងស្រុង ដែល​មិន​គួរ​លើកលែង​នោះទេ ។​

​តាម​សង្កេត​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​យួន​ឆ្លងដែន​ខុស​ច្បាប់​មក​ចូល​លេង​កាស៊ីណូ​ពី ២០០​នាក់ ទៅ ៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​គ្រាន់តែ​នាយ​ប៉ុស្តិ៍​រូប​នេះ ចាត់ចែង​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចាំ​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ ៣​ម៉ឺន​ដុង ស្មើ ៦០០០​រៀល ទៅ ៧០០០​រៀល យ៉ាង​មមាញឹក​បំផុត ។

​ដោយឡែក តាម​ការបញ្ជាក់​របស់​ប្រភព​ឱ្យដឹងទៀតថា ចំពោះ​ជនជាតិ​យួន​ដែល​ឆ្លងកាត់​ដោយ​គ្មាន​លិខិតស្នាម តាម ផ្លូវទឹក គឺ​លោក ពេ​ជ មុនី​រតន៍ តម្រូវឱ្យ​យកលុយ​ក្នុង​១​ថ្ងៃ ១​លាន​ដុង ស្មើនឹង​ជិត ២០​ម៉ឺន​រៀល ហើយ​ការ​យក​លុយ​នេះ ចង់ ១​ថ្ងៃ​មាន​ជនជាតិ​យួន​ចូល​ប៉ុន្មាន​ក៏​មិន​ខ្វល់​ដែរ ឱ្យតែ​បង់លុយ​ឱ្យ​គាត់ ។

​ជាងនេះទៅទៀត មន្ត្រី​បាន​ទម្លាយ​ទៀតថា លោក ពេ​ជ មុនី​រតន៍ បាន​ចាត់ចែង​លោក សោម ជា ដែល​ជា​នាយ​ប៉ុស្តិ៍ ស្តីទី និង​លោក ប្រា​ជ ជួរ ជា​នាយ​រង​ជា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់ ។ ហើយ​អំពើពុករលួយ ការអនុវត្ត​ការ ងារ ភារកិច្ច​តួនាទី ខុស​ពី​គោលការណ៍​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នេះ បាន​ធ្វើឱ្យ​លោក ពេ​ជ មុនី​រតន៍ រក​ចំណូល បាន​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ រាប់​សិប​លាន​រៀល ជាមួយ​បក្ខពួក​របស់​ខ្លួន ។​

​លើសពីនេះទៅទៀត សកម្មភាព​ដ៏​គឃ្លើន នឹង​ផ្លូវ​ច្បាប់​បំពាន​បទ​បញ្ជា​ថ្នាក់លើ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ អគ្គស្នងការ ការ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​នេះ គឺ​ពួកគេ​មិន​ត្រឹមតែ​រង​នូវ​ការរិះគន់ ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុង​ទឹកដី​កម្ពុជា ប៉ុណ្ណោះ​ទេ ក្នុងនោះ​លោក ពេ​ជ មុនី​រតន៍ ក៏​កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ហើយ​ដែល​គួរតែ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​ពិនិត្យ​ជា​បន្ទាន់​ផង ។​

​ករណី​ប្រភព​ចំណូល​មិន​ស្រប​ច្បាប់​នេះ គ្រាន់​តែ​គិត​ពី​ការ​ឆ្លងដែន​របស់ ជនជាតិ​យួន​ក្នុង​១​ថ្ងៃ​រាប់លាន​រៀល នេះ​មិន បាន​គិត​ពី​ចំណូល​ទំនិញ​ឆ្លងកាត់​នោះ​ផង ។ ហើយ​ដែល​បញ្ហា​នេះ​ក៏​មាន​សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ឱ្យ​មហាផ្ទៃ​គួរតែ​ ពិនិត្យ​ពី​ទង្វើ របស់​គាត់​ផង ។​/

sorkheng_sokphal1