ប្រភពពីមន្ត្រីមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឥឡូវនេះលោក ហេង គួន អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងប្រើប្រាស់កូនក្មួយសាច់ញាតិរបស់ខ្លួនសម្រុកដឹកឈើចេញពីផ្ទះ របស់ខ្លួន យកទៅទុកនៅចំណុចដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញនោះទេ។ ប្រការនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរចាត់វិធានការពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក ហេង គួន ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើជាយូរមកហើយ។
រឿងអាស្រូវរបស់លោក ហេង គួន អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានលាតត្រដាងជាយូរមកហើយ ប៉ុន្តែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនបានចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីរូបនេះទេ។ ផ្ទុយទៅវិញក្រោយពេលដកហូតតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ស្រាប់តែលោក ហេង គួន ទទួលបានតំណែងជាអនុប្រធាននាយកដ្ឋាននៅក្រសួងបរិស្ថានយ៉ាងក្រអឺតក្រទម។ ប្រការនេះធ្វើឲ្យមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរិះគន់ថា ថ្នាក់ដឹកនាំក្រសួងបរិស្ថានលើកទឹកចិត្តដល់មន្ត្រីខិលខូចដោយខ្វះ ការពិចារណា។
ប្រភពពីមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលស្និទ្ធជាមួយលោក ហេង គួន បានឲ្យដឹងថា ឈើដែលគេដឹកចេញពីផ្ទះលោក ហេង គួន កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នោះ ភាគច្រើនត្រូវបានគេកែច្នៃជាគ្រឿងសង្ហារឹម ហើយជាប្រភេទឈើគ្រញូង។ គេមិនដឹងថាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ឬយ៉ាងណានោះទេ ទើបបណ្ដោយឲ្យលោក ហេង គួន អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្ត។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺបន្ទាប់ពីរឿងអាស្រូវរបស់លោក ហេង គួន ត្រូវបានបែកធ្លាយស្រាប់តែមន្ត្រីរូបនេះ ទទួលបានតំណែងជាអនុប្រធាននាយកដ្ឋានមួយក្នុងក្រសួងបរិស្ថានយ៉ាង ក្រអឺតក្រទមទៅវិញ៕
Recent Comments