ប្រភពពីមន្ត្រីអាជ្ញាធរតូចតាចនៅក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានទូកដឹកឈើប្រណីតពី១០ទៅ២០គ្រឿង ចូលមកទម្លាក់ឈើប្រណីតឲ្យសិប្បកម្មរបស់ យាយព្រឿង នៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ។ បើតាមពិនិត្យជាក់ស្ដែងឈើប្រណីតដែលជនល្មើសដឹកចូលក្នុងសិប្បកម្ម របស់ យាយព្រឿង ក្នុងមួយថ្ងៃៗមានបរិមាណពី២០០ទៅ៣០០ម៉ែត្រគូប។ យាយព្រឿង មិនត្រឹមតែកែច្នៃឈើប្រណីតនៅក្នុងរោងសិប្បកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺបានចែកចាយទៅដល់សិប្បកម្មដទៃទៀតយ៉ាងពេញបន្ទុកផងដែរ ដោយសារតែគាត់បានបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធជាប្រចាំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឈើដែលគេដឹកជញ្ជូនតាមទូកមកលក់ឲ្យ យាយព្រឿង គឺជាឈើខុសច្បាប់ពុំមានប្រភពច្បាស់លាស់ឡើយ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការត្រួតពិនិត្យ ជាបន្ទាន់ផងដែរ។
មេឈ្មួញយួនឈ្មោះ យាយព្រឿង ដែលមានប្ដីជាមន្ត្រីសមត្ថកិច្ចប្រដាប់អាវុធខ្មែរនោះ នៅតែបន្តសកម្មភាពប្រមូលទិញឈើខុសច្បាប់និងកែច្នៃឈើប្រណីតជាគ្រឿង សង្ហារឹមដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងសុខស្រួលគ្មានសមត្ថកិច្ចណា ទប់ស្កាត់ឡើយ។ បើនិយាយពីលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង បណ្ដោយឲ្យឈ្មួញយួនឈ្មោះ យាយព្រឿង ប្រមូលទិញឈើនិងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់តាមអំពើចិត្ត។ ប្រការនេះលោក ឆេង គឹមសុន គួរពិនិត្យមើលភាពអសកម្មរបស់លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងជាបន្ទាន់ ព្រោះបច្ចុប្បន្នសិប្បកម្មខុសច្បាប់ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើក្នុងខេត្តស្ទឹងត្រែង ពុំមានការថយចុះនោះទេ។
ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថាសិប្បកម្មកែច្នៃឈើខុសច្បាប់របស់ យាយព្រឿង មានទីតាំងនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង ហើយសិប្បកម្មនេះដំណើរការជាច្រើនឆ្នាំមកហើយ។ ក្នុងមួយថ្ងៃៗមានទូកដឹកឈើពី១០ទៅ២០គ្រឿងបានចូលមកទម្លាក់ឈើឲ្យ រោងសិប្បកម្មរបស់យាយព្រឿង ហើយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាបើកភ្នែកមើល ទាល់តែសោះ។ ជាងនេះទៅទៀតមានប្រភពខ្លះបានឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តស្ទឹងត្រែងម្នាក់ គឺជាអ្នកកាងសិប្បកម្មកែច្នៃឈើប្រណីតរបស់មេឈ្មួញយួនឈ្មោះ យាយព្រឿង ផងដែរ ទើបឈ្មួញយួនរូបនេះអាចបន្តសកម្មភាពយ៉ាងក្រអឺតក្រទម៕
Recent Comments