ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាលោក ម៉ុត វិសាលជាច្រើនខែកន្លងទៅហើយដែលអតីតមេការប្រមូលទិញឈើអោយក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរី បានលេចមុខប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី ។ ប៉ុន្តែគេមិនដឹងទេថា តើជាការចាត់តាំងរបស់ក្រុមហ៊ុនឬយ៉ាងណានោះឡើយ ព្រោះកន្លងមកលោកឧកញ៉ា ទ្រី ភាព បានអះអាងថា ក្រុមហ៊ុនរបស់លោកបានបញ្ឈប់ដឹកជញ្ជូន និងធ្វើអាជីវកម្មឈើទៀតហើយ ថែមទាំងបានព្រមានចាប់ខ្លួនចំពោះបុគ្គលណាដែលយកឈ្មោះក្រុមហ៊ុន ទ្រីភាព ទៅរកស៊ីឈើ។ ចុះហេតុអី្វបានជាក្រុមលោក ម៉ុត វិសាល នៅតែមានឥទ្ធិពលអំណាចរកស៊ីជួញដូរឈើប្រណីត សូម្បីតែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងអាជ្ញាធរខេត្តមិនហ៊ានធ្វើការបង្ក្រាបឬមួយពួកគេទទួលបាន ផលប្រយោជន៍ជាប្រចាំខែ។
ប្រភពដដែលបានឲ្យដឹងថា លោក ម៉ុត វិសាល បានចាត់តាំងឈ្មោះ ធី ធ្វើជាមេការប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋដែលលួចកាប់ ខុសច្បាប់នៅក្នុងតំបន់អភិរក្សជីវចម្រុះសីមា។ បន្ទាប់មកទើបក្រុមដៃជើងលោក ម៉ុត វិសាល ធើ្វការដឹកជញ្ជូនឈើទាំងនោះដឹកជញ្ជូនឆ្លងកាត់តាមច្រកភ្នំខៀវយកទៅស្តុ កទុកក្នុងឃ្លាំងមួយកន្លែងដែលមានទីតាំងក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន តុង ម៉ីន (Tong Men) ស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ រួចទើបធ្វើការដឹកជញ្ជូនបន្តទៅកាន់គោលដៅដែលបានកំណត់។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ដោយសារតែសកម្មភាពប្រមូលទិញឈើប្រណីតរបស់ក្រុមលោក ម៉ុត វិសាល កក្រើកឡើងវិញនៅខេត្តមណ្ឌលគិរីនេះហើយ ទើបសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សជីវចម្រុះសីមា រងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។ ហើយមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក្រោមការគ្រប់គ្រងដឹកនាំដោយលោក កែប កត់ ក៏ត្រូវបានគេសង្ស័យថា អាចមានការឃុបឃិតបើកដៃអោយមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ អភិរក្សជីវចម្រុះសីមា ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ពីពួកឈ្មួញតាមរបៀបពុករលួយទើបពុំ ធ្វើការបង្ក្រោប។ លោក កែប កត់ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីបញ្ហានេះ។ ហើយអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហៀង ហាក់ដូចជាអសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបទៅលើក្រុមឧក្រិដ្ឋជនកាន់បំផ្លាញព្រៃឈើ និងឈ្មួញរកស៊ីឈើដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ៕
Recent Comments