លោក​ មាគ ​វុឌ្ឍីប្រ​ធានតំបន់អ​ភិរក្សជីវ​ចម្រុះកែវ​សីមា ​និងមន្ត្រីរ​ដ្ឋបាលព្រៃ​ឈើនៅ​ពីក្រោយខ្នង​ឈ្មួញដឹក​ជញ្ជូនឈើ​ខុសច្បាប់

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថាឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ មានឈ្មោះ ស្រី​លីន ហើយ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក មាគ វុ​ឌ្ឍី ប្រធាន​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា និង​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា មិន​ត្រឹមតែ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ការពារ​ឈ្មួញ​ឈ្មោះ ស្រី​លីន ដោយ​ឥត​អៀនខ្មាស​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មោះ ស្រី​លីន អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​ សីមា​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​ប្រធាន​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា និង​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​តែម្ដង​។ ឈ្មួញ​ឈ្មោះ ស្រី​លីន បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា តាមផ្លូវ​មកពី​សាលាស្រុក​ចាស់​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ក្នុង​មួយថ្ងៃៗ​មិនតិចជាង​៥​ទៅ​១០​រថយន្ត​នោះទេ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ស្រី​លីន ទើប​ពួកគេ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភពពី​ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​លីន សព្វថ្ងៃនេះ​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​សាលាស្រុក​ចាស់​ ក្នុងភូមិ​កា​ទី យកទៅលក់​ឲ្យ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ កំសៀវ វ៉េ​ត មេ​ប៉ុស្តិ៍​ច្រករបៀង​ង៉ាំ​បា​វ៉េ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ស្រី​លីន ដែល​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៧៦ ម្ដុំ​ផ្សារ​ស្រុក​កែវ​សីមា គឺ​បើកបរ​ក្នុង​ល្បឿ​ល​លឿន​កាត់​ទីប្រជុំជន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​កន្លងមក​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​បន្តបន្ទាប់​។ បញ្ហា​នេះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​ក៏​អាច​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ស្រី​លីន ផងដែរ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ជាងនេះទៅទៀត​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​ទទួលរង​នូវ​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​ដោយសារតែ​មេ​ឈ្មួញ​ឈ្មោះ ស្រី​លីន ប្រមូល​ទិញ​ឈើ​និង​ដឹកឈើ​ចេញពី​តំបន់​នេះ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​៕

10727