មន្ត្រីគយខេត្តកណ្ឌាលបានឲ្យដឹងថាក្នុងនាមជាប្រធានសាខាគយ ខេត្តកណ្ដាល លោក វ៉ូ វណ្ណាកំពុងតែប្រើប្រាស់អំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយប្រមូល ផលប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួន គ្មានញញើតអ្វីទាំងអស់។ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនត្រូវមើលរំលងអំពើពុករលួយរបស់លោក វ៉ូ វណ្ណា ដែលកំពុងបំផ្លាញចំណូលពន្ធរដ្ឋឡើយ។លោក វ៉ូ វណ្ណាដែលធ្លាប់ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយពេលធ្វើជាមេគយ ច្រកអន្តរជាតិត្រពាំងផ្លុងនោះពេលនេះនៅតែបន្តប្រព្រឹត្តអំពើពុករលួយ ជាន់ឈ្លីគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល លោក ហ៊ុន សែន យ៉ាងក្រអឺតក្រទម។ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីគយតូចតាច ក្នុងខេត្តកណ្ដាល បានឲ្យដឹងថា លោក វ៉ូ វណ្ណាកំពុងឃុបឃិតជាមួយឈ្មួញដែលជាឧត្ដមសេនីយ៍កម្លាំងប្រដាប់អាវុធដោយ បើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងរលូន។ទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់ដែលលោក វ៉ូ វណ្ណាបើកដៃឲ្យឈ្មួញនាំចូលមានដូចជា ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ គ្រឿងសំណង់ផ្សេងៗនិងទំនិញចាប់ហួយជាច្រើនប្រភេទ។ទំនិញទាំងនោះឈ្មួញ នាំចូលពីច្រកព្រំដែនជ្រៃធំចូលមកស្តុកទុកក្នុងឃ្លាំងនៅរាជធានី ភ្នំពេញដើម្បីលក់ចែកចាយតាមទីផ្សារនិងបោះដុំទៅបណ្ដាខេត្តនានា យ៉ាងអនាធិបតេយ្យ។
ប្រភពដែលស្និទ្ធនឹងលោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាលបានឲ្យដឹងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកណ្ដាល តាមផ្លូវជាតិលេខ២១បេផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ចៀសមិនផុតពីបង់លុយឲ្យលោក វ៉ូ វណ្ណា ជាប្រចាំនោះទេ។ ដោយហេតុថាលោកវ៉ូ វណ្ណាបានចាត់តាំងឲ្យកូនចៅក្រោមឱវាទមួយចំនួនតាមដានរាល់សកម្មភាព ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ព្រមទាំងទំនិញបង់ពន្ធមិនគ្រប់ដើម្បីប្រមូលលុយចែកគ្នាធ្វើមាន ធ្វើបាន។ ជាពិសេសករណីលោក វ៉ូ វណ្ណាឃុបឃិតជាមួយក្រុមឧត្ដមសេនីយ៍ដែលជាឈ្មួញនាំចូលទំនិញ ខុសច្បាប់ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗដែលបញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការគ្រប់គ្រងរបស់លោក ឱមយ៉ិនទៀង គួរចាត់វិធានការ ៕
Recent Comments