ខេត្តមណ្ឌលគិរី៖ប្រភពបានរាយការណ៍ពីក្រុមឈ្មួញរកស៊ីឈើនៅ ខេត្តមណ្ឌលគិរីឲ្យដឹងថា លោក ម៉ុត វិសាល ដែលជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរីនោះ ឥឡូវបានទទួលការចាត់តាំងធ្វើជាមេការប្រមូលទិញ ឈើ ប្រចាំខេត្តមណ្ឌលគិរីបន្ថែមទៀត។សេចក្តីរាយការណ៍ដដែលបន្តថា ការលេចមុខរបស់លោក ម៉ុត វិសាល មេការប្រមូលទិញឈើឲ្យក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព នៅខេត្តមណ្ឌលគិរីក្នុងពេលនេះ គឺបន្ទាប់ពី ព្រៃឈើនៅខេត្តរតនគិរី ត្រូវបានកាប់បំផ្លាញ ស្ទើរតែរលាយហិនហោចអស់ទៅហើយ។ ម្យ៉ាងវិញ ទៀត គេមិនច្បាស់ទេថា តើការលេចមុខលោក ម៉ុត វិសាល ប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី លើកនេះ ជាការចាត់តាំងរបស់ក្រុមហ៊ុន ឬយ៉ាងណានោះឡើយ ព្រោះថា បើតាមការអះអាងរបស់ លោកឧកញ៉ា ទ្រី ភាព នាពេលកន្លងទៅ គឺក្រុមហ៊ុនមួយនេះមិនជាប់ពាក់ព័ន្ធក្នុងការរកស៊ីឈើនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកឧកញ៉ា ទ្រី ភាព មិនអាចធ្វើការទំនាក់ទំនងសុំការពន្យល់បាន ទេពីបញ្ហានេះ ។ប្រភពខាងលើបន្តទៀតថា បច្ចុប្បន្នព្រៃឈើនៅក្នុងតំបន់ជីវចម្រុះសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់នឹងខេត្តក្រចេះ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាលពុំមាន ការទប់ស្កាត់។ ហើយក្រុមមេការលោកឧកញ៉ា ទ្រី ភាព ដែលមានឈ្មោះ ម៉ុត វិសាល ជាមេខ្លោង ប្រមូលទិញឈើ កំពុងធ្វើការសម្រុកដឹកជញ្ជូនយ៉ាងមមាញឹកចេញពីតំបន់ទឹកដី ខេត្តមណ្ឌលគិរី មកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ក្នុងដីសម្បទានរបស់ក្រុមហ៊ុន តុងមិន (TONGMIN) ដែលមាន ទីតាំងស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកទើបក្រុមមេការធ្វើការដឹកជញ្ជូនបន្តទៅកាន់ គោលដៅ។ រីឯមន្ត្រីជំនាញបរិស្ថាន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមទាំងសមត្ថកិច្ចមួយចំនួន ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាមួយក្រុមមេការខាងលើ បើកដៃអោយមានការកាប់ បំផ្លាញព្រៃឈើនៅក្នុងតំបន់ជីវចម្រុះសីម៉ាយ៉ាងអនាធិបតេយ្យជា រៀងរាល់ថ្ងៃ។ ចំណែកអភិបាល ខេត្តមណ្ឌលគិរី លោក អេង ប៊ុនហៀង ក៏ដូចជាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើត្រូវតែ ទទួលខុសត្រូវធំជាងគេ ចំពោះសោដនាកម្មកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល។ការអះអាងរបស់លោកឧកញ៉ា ទ្រី ភាព ថាឈប់ដឹក និងធ្វើអាជីវកម្មរកស៊ីឈើ កាលកន្លងទៅនេះ មិនរំពឹងថា ជាការពិតឡើយ ខណៈគេសង្កេតឃើញនៅតែមានក្រុមមេ ការខ្លះលេចមុខប្រមូលទិញឈើដដែល។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ទ្រី ភាព ក៏បានប្រកាស ចាប់ខ្លួនចំពោះអ្នកដែលយកឈ្មោះក្រុមហ៊ុន ទ្រី ភាព ទៅរកស៊ីឈើទៀតផង។សារពត៌មានយើងមិនអាចសុំការពន្យល់ពីមេការម៉ុត វិសាលបាននៅឡើយទេនៅថៃ្ងនេះ៕
Recent Comments