ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា យាយព្រឿង មានសិប្បកម្មកែច្នៃឈើដ៏ធំមួយកន្លែងនៅភូមិកិចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ហើយទីតាំងសិប្បកម្មនេះមិនត្រឹមតែកែច្នៃឈើប្រណីតជាគ្រឿងសង្ហារឹមប៉ុណ្ណោះទេ គឺថែមទាំងស្តុកឈើប្រណីតសម្រាប់ដឹកជញ្ជូនយកទៅលក់នៅស្រុកយួនទៀតផង។ សមត្ថកិច្ចជំនាញក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់មុខរបរខុសច្បាប់របស់យាយព្រឿងទេ ព្រោះឈ្មួញយួនម្នាក់នេះ បានបង់លុយឲ្យមន្ត្រីអាជ្ញាធរនិងមន្ត្រីធំៗក្នុងខេត្តជាប្រចាំខែរួចទៅហើយ ដូច្នេះបើសមត្ថកិច្ចណាហ៊ានប៉ះពាល់ប្រាកដជាត្រូវសភ្នែកខ្លួនឯង។ កាលពីខែសីហាកន្លងទៅថ្មីៗនេះ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ទៅពីក្រសួងកសិកម្មចូលឆែកឆេរសិប្បកម្មកែច្នៃឈើប្រណីតរបស់យាយព្រឿង ត្រូវឈ្មួញយួនរូបនេះប្ដឹងកងរាជអាវុធហត្ថឲ្យចាប់ឃុំខ្លួនអស់រាប់ម៉ោង។
ឈ្មួញយួនឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ដែលល្បីល្បាញខាងដឹកជញ្ជូនឈើប្រណីតចេញពីខេត្តស្ទឹងត្រែង ទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុកនាពេលកន្លងមកនោះ នៅតែបន្តល្បីឈ្មោះមិនថមថយឡើយ។ ឈ្មួញយួនម្នាក់នេះមានទីលំនៅក្នុងភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយមានទំនាក់ទំនងល្អជាមួយមន្ត្រីអាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែង ទើបអាចបើកសិប្បកម្មកែច្នៃឈើប្រណីតយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះទេ។ ជាងនេះទៅទៀតយាយព្រឿង បានជួលរថយន្តក្រុមហ៊ុនស្រាបៀរអង្គរ ឲ្យដឹកជញ្ជូនគ្រឿងសង្ហារឹមកែច្នៃរួចពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូនទៀតផង។
ថ្មីៗកន្លងទៅនេះដែរសមត្ថកិច្ចចម្រុះឈរជើងលើផ្លូវជាតិលេខ៧ ចំណុចថ្មបាំង ស្រុកចិត្របុរី ខេត្តក្រចេះ បានឃាត់រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ១គ្រឿងដែលសង្ស័យថា មានដឹកជញ្ជូនឈើប្រណីតខុសច្បាប់។ ពេលត្រួតពិនិត្យសមត្ថកិច្ចចម្រុះរកឃើញក្នុងរថយន្តដឹកជញ្ជូនស្រាបៀរអង្គរនោះ មានសុទ្ធតែគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតនិងឈើប្រណីតបង្កប់ពីក្រោម ដែលមានម្ចាស់ឈ្មោះយាយព្រឿង។ បន្ទាប់ពីដឹងថា រថយន្តក្រុមហ៊ុនស្រាបៀរអង្គរដឹកគ្រឿងសង្ហារឹមនិងឈើប្រណីតរបស់យាយព្រឿង ស្រាប់តែសមត្ថកិច្ចចម្រុះដែលដឹកនាំដោយព្រះរាជអាជ្ញា១រូបដកថយទៅវិញយ៉ាងស្ងប់ស្ងាត់។ បញ្ហានេះក្រុមហ៊ុនស្រាបៀរអង្គរគួរពិនិត្យឡើងវិញផងដែរ ព្រោះឈ្មួញយួនឈ្មោះ ហេង សំនៀង ហៅយាយព្រឿង កំពុងប្រើប្រាស់រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ ដឹកគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតរួចបង្កប់ឈើប្រណីតពីក្រោមទៅលក់នៅស្រុកយួនយ៉ាងរលូន ៕
Recent Comments