ខេត្តព្រៃវែង ៖ ករណីល្បីឡើងរន្ទឺថា ថ្មីៗនេះ លោក អ៊ុក សំណាង ដែលជាប្រធានមន្ទីរកសិកម្មនោះ បានដកសាច់ ប្រាក់ចំណាយដល់ទៅជាង ៦០០លានរៀលនោះ បែរជាគេឃើញប្រេះស្រាំពុកជ្រុះធ្លាក់ឥដ្ឋ និងលិចជ្រាបទឹកជា បណ្តើរៗ ក្រោយពេលជួសជុលហើយដែលសម្តែងថា អគារគ្មានគុណភាពទាល់តែសោះក្រោយពេលជួសជុលហើយ ។
តាមផ្នែកខ្លះនៃអគារមន្ទីរកសិកម្មខេត្តព្រៃវែង ដែលមានលោក អ៊ុក សំណាង ជាប្រធានមន្ទីរកំពុងតែរងនូវការខូច ខាត ក្រោយពីគេបានចំណាយថវិកា ក្នុងការជួសជុលអស់ទឹកប្រាក់រហូតដល់ទៅជាង ៦០០លានរៀល កាលពីឆ្នាំ ២០១៤ ទៅនេះ ។
មន្ត្រីជាប្រភពបានឱ្យដឹងថា តួអគារមន្ទីរកសិកម្មខេត្តព្រៃវែង ក្រោយពេលគេជួសជុលរយៈពេលមិនទាន់បាន ១ឆ្នាំ ផង បច្ចុប្បន្នកំពុងតែប្រេះជញ្ជាំងជ្រុះពិដាន និងខូចភ្នែកខ្លះក្នុងបន្ទប់ទឹក ធ្វើឱ្យមន្ត្រីនៅក្នុងមន្ទីរមានការព្រួយបារម្ភ ខ្លាចគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ដោយសារតែការជ្រុះពិដាន លើក្បាលរួមនឹងបញ្ហាផ្សេងៗទៀត ដែលពុំអាច ឱ្យគេអង្គុយធ្វើការបានដោយសុវត្ថិភាព ។
គេនៅចាំបានថា គឺអគារមន្ទីរកសិកម្មខេត្តព្រៃវែង បានជួសជុលនៅឆ្នាំ២០១៤ ដោយចំណាយថវិកាជាតិអស់ជាង ៦០០លានរៀល តាមបែបអំពើពុករលួយដ៏ធ្ងន់ធ្ងរ ហើយក្រោយពីធ្វើការជួសជុលរហូតមកដល់ពេលនេះ មិនទាន់បានរយៈពេល ១ឆ្នាំផង ស្រាប់តែអគារមន្ទីរមួយនេះបានខូចខាត ដោយសារតែអ្នកជួសជុលកេងយកប្រាក់ ចំណេញខ្ពស់ហួសពេកនោះ ។
ប្រភពបានបញ្ជាក់ថា បើតាមការពិនិត្យលើការចំណាយថវិកាលើការជួសជុលមន្ទីរខាងលើ គឺអស់ថវិកាយ៉ាងច្រើន ត្រឹម ៧០ ទៅ ៨០លា់នរៀលប៉ុណ្ណោះ ដោយសារតែអំពើពុករលួយរបស់លោកប្រធានមន្ទីរ អ៊ុក សំណាង និង បក្ខពួក គឺគេបានបំប៉ោងតួលេខនៃការចំណាយអស់ទឹកប្រាក់រហូតដល់ជាង ៦០០លានរៀល ដែលខុសគ្នានឹងស្ថាន ភាពជាក់ស្តែង ដែលពុំអាចទទួលយកបានឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីបានរិះគន់លើកឡើងថា គប្បីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យស្រាវជ្រាវអំពើពុករលួយ ដែលប្រព្រឹត្តឡើងដោយ លោកប្រធានមន្ទីរ អ៊ុក សំណាង និងបក្ខពួកជាបន្ទាន់ផង ។
ផ្ទុយទៅវិញទោះជាយ៉ាងណាក្តី គេមិនដឹងថា ព័ត៌មាននេះពិតក្នុងកម្រិតណានោះទេ ព្រោះមិនអាចទំនាក់ទំនងសុំការ បកស្រាយពីលោក អ៊ុក សំណាង បានទេ ដោយទូរស័ព្ទនៅក្រៅសេវា ។/
ដោយៈ ប្រទក្សិណ
Recent Comments