ខេត្តត្បូងឃ្មុំ ៖ រថយន្តយីឌុបដឹកឈើក្រហម និងឈើប្រណិត ឆ្លងទៅកាន់វៀតណាម ដូចហែរកឋិន តាមច្រកទាំង ៣ខាងលើនេះ អាចចដំណើរការដោយរលូន ព្រោះតែជំនាញរដ្ឋបាលព្រៃឈើខណ្ឌ នាយផ្នែក និងជំនាញគយ របស់លោក ចាន់ សុផាត បើកភ្លើងខៀវ និងជួយសម្របសម្រួល គ្រប់បែបយ៉ាង។ គ្រាន់តែសមត្ថកិច្ចស្ថាប័នខ្លះ ត្រូវឈ្មួញឈើបង់លុយអោយ ក្នុងមួយឡានយីឌុប ចាប់ពី ១០០ដុល្លារឡើងទៅ ដោយឡែកចំណែកមេគយ ប្រចាំស្រុកមេមត់ ដែលគ្រប់គ្រងច្រកទាំង៣ ជាមួយនាយខណ្ឌ នាយផ្នែករដ្ឋបាលព្រៃឈើ ទទួលលុយពី បទល្មើសព្រៃឈើ ច្រើនជាងគេ។
សកម្មភាពដឹកឈើល្មើសច្បាប់ ដ៏គគ្រឹកគគ្រេង ឆ្ពោះមកកាន់ខេត្តត្បូងឃ្មុំ ឆ្លងទៅវៀតណាម តាមច្រកដូនរ័ត្ន ច្រកចាន់មូល ច្រកក្តុល បានក្លាយជាប្រភពឆ្នាំងបាយ របស់លោក ចាន់ សុផាត ជាប្រធានសាខាគយ និងរដ្ឋាករប្រចាំស្រុកមេមត់ ដូចដែលប្រភពមួយចំនួន បានខ្សឹបប្រាប់ថា ក្នុងមួយខែៗកូនចៅរបស់ លោក ចាន់ សុផាត ប្រមូលលុយបាន រាប់ម៉ឺនដុល្លារ ដែលគេសង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិតជាមួយឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ ហើយការប្រមូលលុយ មួយចំនួនធ្វើឡើងដោយខុសច្បាប់ មិនមែនជាគោលការណ៍ របស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ការដឹកជញ្ជូនឈើប្រណិត ឆ្លងទៅវៀតណាម ដោយសេរី និងប្រកបដោយអាទិភាព ត្រូវបានគេទម្លាយឲ្យដឹងថា បង់ពន្ធជូនរដ្ឋច្រើនបំផុតពី ២០ទៅ ៣០ភាគរយ ប៉ុណ្ណោះ ដើម្បីឲ្យគេមើលឃើញថា ជាការនាំចេញឈើ ដោយស្របច្បាប់ តែរឿងពិត កូនចៅរបស់លោក ចាន់ សុផាត បានគៃបំបាត់ពន្ធរដ្ឋ យ៉ាងគឃ្លើន។ គេកំពុងឆ្ងល់ថា រាល់សកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅកាន់ប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យនេះ ជាគោលការណ៍ របស់ប្រធានរដ្ឋបាលព្រៃឈើ ឬអគ្គនាយកគយ និងរដ្ឋាករ បើកទូលាយសម្រាប់ ការប្រមូលពន្ធចូលរដ្ឋ ឬជាទម្លាប់អំពើពុករលួយ ជាលក្ខណះប្រព័ន្ធ ទើបការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ មានអាទិភាព ឆ្លងកាត់ព្រំដែនដោយសេរី៕
Recent Comments