ខេត្តរតនគិរី៖ សេចក្តីរាយការណ៏ឲ្យដឹងថា រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស អត់ស្លាកលេខ ត្រូវបានលោកវរសេនីយ៍ឯក សុខ រ័ត្ននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឃាត់ជំរិតទារប្រាក់ ១២០០ដុល្លារ ជាថ្នូរនឹងការមិនបង្ក្រាបនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគិរី មកខេត្តរតនគិរី ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ចំងាយប្រមាណជា២គីឡូម៉ែត្រពីស្នាក់សន្តិសុខកងរាជអាវុធហត្ថស្រុក លំផាត់ កាលពីថ្ងៃទី១១ កញ្ញាកន្លងផុតទៅថ្មីៗនេះ។
ស្ត្រីរងគ្រោះស្ថិតនៅស្រុកលំផាត់គេហៅចែ សាឡាឡា ឬ ចែសក់ក្រហម រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ជាម្ចាស់រថយន្តខាងលើ បានរៀបរាប់ថា នៅថ្ងៃខែខាងលើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងឈ្មោះ សុខ រ័ត្ន បានស្ទាក់រថយន្តសាំយុងដឹកឈើគាត់ បង្គាប់អោយបង់ប្រាក់ចំននួ៣ពាន់ដុល្លារ ជាថ្នូរនឹងការមិនបង្ក្រាប ដោយមានការអង្វរលន់តួជាច្រើនម៉ោង ទើបមានការព្រមព្រៀងនៅតម្លៃតែត្រឹម១២០០ដុល្លារ។ គាត់បានបន្តថា គាត់ស៊ីឈ្នួលដឹកឈើអោយគេពីស្រុកកោះញែក ចូលក្រុងបានលុង បានប្រាក់កម្រៃបន្តិចបន្តួចប៉ុណ្ណោះ ពុំមានប្រាក់ទេ។ ក្រោយពេលចរចាគ្នាត្រូវរ៉ូវ គាត់បានប្រម៉ែប្រមូលប្រាក់ក្នុងផ្ទះ មិនគ្រប់ទើបសម្រេចចិត្ត យកម៉ូតូឌ្រីមសង់ទៅលក់ ដើម្បីយកប្រាក់បង្គ្រប់មកជូនលោកនគរបាលរូបនោះ ទើបបន្តដំណើរទៅទៀតបាន។
ចំណែកលោកវរសេនីយ៍ឯក សុខ រ័ត្ន នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីនាយកដ្ឋានក្រសួងមហាផ្ទៃ សារពត៌មានយើងមិនអាចទាក់ទងបានទេ៕
Recent Comments