ប្រ​ធានម​ន្ទីររ៉ែនិង​ថាមពល​ខេត្តកំ​ពង់ធំ ​លោក ណឹ​ម ចន្ថា​ឃុបឃិតជាមួយ​បទល្មើសបូ​ម​ខ្សា​ច់

មន្ត្រីរាជការ​ក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ដែលមាន​អាជ្ញាប័ណ្ណ​ចាស់​ផុតកំណត់ បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ថ្មី​ទៅ​ក្រសួង តែ​រហូតមក​ដល់ពេលនេះ​ក្រសួង​មិនទាន់​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​នៅឡើយ​ ។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​មូ​ប​ខ្សាច់​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ដោយមាន​ការឃុបឃិត​ជាមួយ​លោក ណឹ​ម ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ​។ ចំណែក​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​សកម្មភាព​បូម​ខ្សាច់​ក្នុង​ស្ទឹងសែន​នៃ​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក នៅតែមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​។ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​បូម​ខ្សាច់​តាម​ដង​ស្ទឹងសែន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​សភាព​កាន់តែ​ខ្លាំងក្លា អាចធ្វើ​ឲ្យ​ដី​ភូមិ ដី​លំនៅដ្ឋាន​របស់​ពួកគាត់​បាក់​ចូលក្នុង​ស្ទឹង​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ស្រុក​សន្ទុក ដែលមាន​លោក ពេជ្រ សុធា ជា​អភិបាលស្រុក បានដឹង​ពីបទ​ល្មើស​បូម​ខ្សាច់​យ៉ាងច្បាស់ ប៉ុន្តែ​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ចំណែក​លោក ណឹ​ម ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុម​ជនល្មើស​យ៉ាង​ក្រអឺតក្រទម​។

​ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​នៃ​ឃុំ​ត្បូង​ក្រពើ បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ក្រុម​ជនល្មើស​បានដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ជាច្រើន​កន្លែង បង្ក​ឲ្យ​បាក់​ដី​ច្រាំង​ស្ទឹង​ចូល​ទឹកជា​បន្តបន្ទាប់ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ ​។ តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នោះ​មានឈ្មោះ ប៊ី​វី​ប៊ី ហើយ​ក្រុមហ៊ុន​នេះ​មិនទាន់​ទទួល​បាល​អាជ្ញាប័ណ្ណ​ថ្មី​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ផង ក៏​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ក្នុង​ស្ទឹងសែន​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រីរាជការ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ណឹ​ម ចន្ថា ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ដូច្នេះ​លោក ណឹ​ម ចន្ថា ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់ នៅក្នុង​ស្ទឹងសែន​ ៕

 

suysem_305