ប្រភពដែលជិតស្និទ្ធនឹងលោក ចាន់ សូផាត បានឲ្យដឹងថា សព្វថ្ងៃនេះច្រកដូនរ័ត្ន និងច្រកបឹងជ្រោង គឺជាច្រកដែលឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ជាងនេះទៅទៀតលោក ចាន់ សូផាត មានទំនាក់ទំនងយ៉ាងល្អជាមួយឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន និងឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន ហើយមិនដែលចាត់វិធានការទប់ស្កាត់បទល្មើសម្ដងណាឡើយ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការលើលោក ចាន់ សូផាត ប្រធានស្នាក់ការគយនិងរដ្ឋាករស្រុកមេមត់ ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ឃុបឃិតជាមួយឈ្មួញខិលខូចបំផ្លាញចំណូលពន្ធរដ្ឋស្រេចតែអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា លោក ចាន់ សូផាត ជាមេគយស្រុកមេមត់ កំពុងសប្បាយក្នុងការប្រមូលផលប្រយោជន៍ពីឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន តាមច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង យ៉ាងត្រជាក់ចិត្ត។ ជាមួយគ្នានេះលោក ចាន់ សូផាត ក៏ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនចូលស្រុកខ្មែរ តាមច្រកទាំង៣ខាងលើនេះជាប្រចាំដែរ។ ការដែលលោក ចាន់ សូផាត អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារមានការបើកដៃពីថ្នាក់លើនិងមានការបែងចែកផលប្រយោជន៍ជាប្រចាំ។
មន្ត្រីគយនៅក្នុងស្រុកមេមត់ បានឲ្យដឹងថាក្រោយពេលលោក ចាន់ សូផាត បានកាន់តំណែងជាប្រធានស្នាក់ការគយនិងរដ្ឋាករស្រុកមេមត់រួចមមក គឺកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្តដោយគ្មានញញើតច្បាប់ទម្លាប់អ្វីទាំងអស់។ បច្ចុប្បន្ននេះច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង ក្លាយទៅជាចំណុចដែលលោក ចាន់ សូផាត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ប្រភពបានឲ្យដឹងទៀតថា ឈើដែលក្រុមឈ្មួញដឹកជញ្ជូនទៅលក់នៅស្រុកយួនតាមច្រកទាំង៣ខាងលើ គឺជាឈើប្រណីតដូចជា គ្រញូង ធ្នង់ បេង នាងនួន និងឈើក្រហម ដែលឈ្មួញប្រមូលទិញពីខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំជាដើម ហើយអាចដឹកចេញដោយរលូន៕
Recent Comments