លោក ​ថេង ម៉ុ​ងហួន ជាអ្ន​កបើក​ភ្លើងខៀវ ឲ្យក្រុមឈ្មួ​ញនាំចូលម៉ូតូទំ​នើបអត់​ពន្ធតាម​ច្រកចាំយាម​ទាំងយ​ប់ទាំ​ងថ្ងៃ

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មួយចំនួន​ឈរជើង​នៅ​ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា ចាប់​តាំង​ចុងខែ​សីហា​និង​នៅ​ដើមខែ​កញ្ញា​នេះ ឈ្មួញ​បាន​សម្រុក​នាំចូល​ម៉ូតូ​ទំនើប​អត់​ពន្ធ​តាម​ច្រក​ចាំ​យាម ក្នុង​មួយថ្ងៃៗ​រាប់រយ​គ្រឿង​។ ម៉ូតូ​ម៉ាក​ហុងដា​លេខ​អូ​តូ​ស៊េរី​ថ្មីៗ​ឆ្នាំ​២០១៥ ជាច្រើន​ប្រភេទ​ដូចជា ហុងដា PCX ,​ហុងដា Cleck ,​ហុងដា Scopy,​ហុងដា Zoomer x និង​ប្រភេទ​មាន​ចង្កឹះ​លេខ​ម៉ាក​MSX ត្រូវ​ឈ្មួញ​សម្រុក​នាំចូល​រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​។ កន្លងមក​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​ម៉ូតូ​ប្រភេទ​ដូចខាងលើ​នេះ មានការ​រឹតបន្តឹង​យ៉ាងខ្លាំង​ប៉ុន្តែ​នៅក្នុង​ខែសីហា កន្លងមក​និង​នៅ​ខែកញ្ញា​នេះ បែរជា​សមត្ថកិច្ច​គយ​ច្រក​ចាំ​យាម​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​អត់​ពន្ធ​ប្រភេទ​ដូចខាងលើ​យ៉ាងគំហុក​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា​លោក ថេ​ង ម៉ុង​ហួន ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ចាំ​យាម និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​អត់​ពន្ធ​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​ព្រោះ​ការ​នាំចូល​ម៉ូតូ​ទំនើបៗ​អត់​ពន្ធ​រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ជាមួយគ្នានេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​មេ​គយ​ច្រក​ចាំ​យាម ជាបន្ទាន់​ផងដែរ​ដើម្បី​កុំ​ឲ្យ​មានការ​នាំចូល​ម៉ូតូ​អត់​ពន្ធ និង​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​។​

​តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​នាំចូល​ម៉ូតូ​អត់​ពន្ធ​តាម​ច្រក​ចាំ​យាម យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ គឺមាន​ការបើក​ដៃ​ពី​លោក ថេ​ង ម៉ុង​ហួន តែម្ដង​ព្រោះ​បើ​គ្មាន​ការបើក​ដៃ​ពី​លោក ថេ​ង ម៉ុង​ហួន ទេ​ឈ្មួញ​ខិលខូច​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ​នៅពេល​មក​ប្រជុំ​ជាមួយ​មេៗ​ថ្នាក់លើ​គឺ​បុគ្គល ថេ​ង ម៉ុង​ហួន ពូកែ​ខាង​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​ ហើយ​ប្រហែលជា​មានការ​បែងចែក​ផលប្រយោជន៍​ដល់​មេៗ​ខាងលើ​ជាប្រចាំ​ផងដែរ ទើប​លោក ថេ​ង ម៉ុង​ហួន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជួនកាល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ចាំ​យាម យ៉ាង​ពេញបន្ទុក​ប៉ុន្តែ​បុគ្គល ថេ​ង ម៉ុង​ហួន ហ៊ាន​ដោះសា​រថា​នៅ​ច្រក​ចាំ​យាម ពុំមាន​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះឡើយ ​៕

ec24a233-d26f-42ed-98b6-3c6893c29999