ទោះជាយ៉ាងណា ក៏ការភ្ញាក់ផ្អើលចំពោះរឿងអាស្រូវបែកធ្លាយចោទប្រកាន់ទៅលើបុគ្គលមានអំណាចធំពីររូប ដែលប្រើសិទ្ធិ អំណាចខុសពីបែបបទនីតិវិធីច្បាប់នោះ ពេលនេះកំពុងតែបែកធ្លាយជាសាធារណៈថា ប្រើអំណាចឃុប ឃិតគ្នារំលោភចាប់ឃុំ ឃាំងមនុស្សបង្ខាំងគំរាមឱ្យផ្តិតមេដៃដោយខុសច្បាប់ ។
ករណីដ៏អាស្រូវនោះ បើទោះជាមានការចុះផ្សាយហែកទម្លាយពីអំពើពុករលួយលើច្បាប់ជាន់ឈ្លីច្បាប់នោះក៏ដោយ ប៉ុន្តែជន ជាប់ចោទប្រើអំណាចទាំងពីរពុំទាន់មានការឆ្លើយបំភ្លឺណាមួយ ដើម្បីការពារខ្លួនជុំវិញការចោទប្រកាន់ថា ឧត្តមសេនីយ៍ទោ ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនគរបាលក្រសួងមហាផ្ទៃម្នាក់ និងព្រះរាជអាជ្ញារងរាជធានីភ្នំពេញម្នាក់ចាប់បង្ខាំង ឃុំឃាំងមនុស្សដោយខុសច្បាប់ ដើម្បីជម្រិតយកដី ។ ហើយដែលរឿងនេះត្រូវបានមហាជនរិះគន់ចោទប្រកាន់ថា “វាជាការ ពិតដែលគួរតែមេក្រសួងមហាផ្ទៃ និងនាយកអគ្គស្នងការនគរបាលជាតិ មិនត្រូវព្រងើយកន្តើយនោះទេ !” ។
គួររំលឹកថា តាមការអំពាវនាវរបស់ស្ត្រីម្នាក់ឈ្មោះ យូ ចន្ថា បានស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ ចោទប្រកាន់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ បានស៊ុមគ្រលុំជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញម្នាក់ បានចាប់បង្ខំអ្នកស្រីឱ្យផ្តិតមេដៃប្រគល់ដីកម្មសិទ្ធិរបស់អ្នកស្រីជាង ១៨ហិកតា ឱ្យទៅបក្ខពួកខ្លួននោះ ។
តាមអ្នកស្រី យូ ចន្ថា អាយុ ៤៩ឆ្នាំ មានលំនៅដ្ឋានផ្ទះលេខ ៥សេ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាសមាជិកបណ្ណាល័យ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានរៀបរាប់នៅក្នុងពាក្យស្នើសុំអន្តរាគមន៍ ទៅលោកនាយករដ្ឋមន្ត្រីថា អ្នកស្រីត្រូវបានឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនគរបាលក្រសួងមហាផ្ទៃ រួមនិងលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចាប់ឃុំខ្លួនអ្នកស្រីនៅក្នុងបន្ទប់ធ្វើការរបស់លោក អស់រយៈពេល ៣យប់ ៤ថ្ងៃ បង្ខំឱ្យផ្តិតមេដៃប្រគល់ដី ទំហំ ១៨ហិកតា និង ៣០អា ដែលមានទីតាំងស្ថិតនៅភូមិស្វាយដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ សេង ស៊ីហេង និងឈ្មោះ ឡាំ ឆាយគីម ថា ជាតំណាងសមាគមចិនហុកគៀននោះ ។
បញ្ហាខាងលើអ្នកស្រី យូ ចន្ថា បានរៀបរាប់ថា នៅឆ្នាំ ១៩៨៨ អ្នកស្រីបានទិញដីទំហំ ១៨ហិកតា និង ៣០អា ក្នុងតម្លៃ ៦តម្លឹងមាស ពីគណៈកម្មាធិការប្រជាជនបដិវត្តន៍ឃុំត្រពាំងក្រសាំង (ដែលកាលនោះ នៅក្នុងស្រុកដង្កោ ក្រុងភ្នំពេញ) ហើយ បានកាន់កាប់រហូតមកដល់ពេលបច្ចុប្បន្ន ។
ស្ត្រីរងគ្រោះបន្តថា នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ១៩៩០ គណៈកម្មាធិការប្រជាជន បដិវត្តន៍ឃុំត្រពាំងក្រសាំង បានធ្វើលិខិតចំនួន ០២ច្បាប់ ឱ្យអ្នកស្រីសុំខ្ចីផ្ទះក្រហមដែលនៅលើដីរបស់អ្នកស្រីនោះ ឱ្យទៅ ក្រុមគ្រួសារសែស្រឡាយចិនប៉ុន្មាននាក់ មកពីសមាគមចិនហុកគៀន ដើំម្បីបានធ្វើពិធីសែនព្រេនម្តងម្កាល ។
ក្រោយមករហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៤ អ្នកស្រី បានស្នើសុំអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្រាប់តែឈ្មោះ សេង ស៊ីហេង និងឈ្មោះ ឡាំ ឆាយគីម ចេញមុខបានតាំងខ្លួនជាតំណាងសមាគមចិន ហុកគៀន មកជំទាស់លើការវាស់វែងលើដីរបស់អ្នកស្រីទាំងបំពាន ដោយលើកហេតុផលសំអាងថា ជាដីដែលសមាគមចិន ហុកគៀនកាន់កាប់ក្នុងឆ្នាំ ១៩៦២ អតីត រហូតមានផ្កាយ ២ និងព្រះរាជអាជ្ញារងមកចាប់បង្ខំ និងបង្ខាំងជម្រិតយកដីនោះ ។
អ្វីដែលគេដឹងមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរខាងលើនេះ មានប័ណ្ណកាន់កាប់ក្លែងក្លាយ ដែលគ្មានចុះនៅក្នុងបញ្ជី សូរិយោដី ហើយក៏ត្រូវបានអាជ្ញាធរបដិសេធមិនទទួលស្គាល់ផងដែរ ទើបកើតជារឿងប្តឹងផ្តល់គ្នា ។
មិនតែប៉ុណ្ណោះ អ្នកស្រីយូ ចន្ថា បន្តថា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ លោកចៅក្រម សេង លាង បានដាក់កម្មវិធីជាមួយ អាជ្ញាធរ ចុះទៅទីតាំងដើម្បីធ្វើការវាស់វែង លុបរក្សាការពារ ។ ក្រោយពេលវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ ខ្ញុំក៏ធ្វើ ដំណើរត្រឡប់មកលំនៅឋានវិញ ប៉ុន្តែពេលមកដល់ត្រង់ចំណុចមុខធនាគារ ANZ សាខាជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ស្រាប់ តែមានប៉ូលិសព្រហ្មទណ្ធក្រសួងមហាផ្ទៃ មកឃាត់ខ្លួនអ្នកស្រីដោយបង្ហាញដីការបស់លោកព្រះរាជអាជ្ញារង សៀង សុខ រួចនាំ នាងខ្ញុំទៅនាយកដ្ឋានព្រហ្មទណ្ឌឃុំខ្លួននៅកន្លែងធ្វើការរបស់លោក ប៉ុល រតនា រយៈពេល ៣យប់៤ថ្ងៃ ហើយបង្ខំឱ្យសរសេរ លិខិតដោយផ្ទាល់ដៃ តាមការបង្គាប់របស់គាត់ដោយត្រូវប្រគល់ដី ១៨ហិកតា និង ៣០អា នោះទៅឱ្យសមាគមចិនហុកគៀន ឱ្យខាងតែបាន ហើយពេលនោះខ្ញុំក៏ទាមទារសំណូមពរតម្លៃដិ ៧០ម៉ឺនដុល្លារ ពីសមាគមចិន ហុកគៀនតែបែរជាកំហិតឱ្យតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ តែនាងខ្ញុំពុំព្រម ព្រោះជាម្ចាស់ដីមានការ ទទួលស្គាល់ត្រឹមត្រូវ បែរជាបង្ខិតបង្ខំបែបនេះ ទើបគេឡើងឱ្យដល់ ៤០ម៉ឺនដុល្លារ ដោយគំរាមកំហែងថា បើមិនព្រមចុះហត្ថ លេខាទេ គេនឹងបញ្ជូនទៅតុលាការ និងយកទៅឃុំនៅគុកព្រៃស ។
ករណីមិនធម្មតាខាងលើអ្នកស្រី យូ ចន្ថា ឱ្យដឹងទៀតថា ដោយសារតែសុខភាពអ្នកស្រី មិនអំណោយផល ព្រោះជាមនុស្ស ពីការវះកាត់ក្រលៀន និងវះកាត់ដៃស្បូនផង ហើយគេគំរាមសព្វបែបយ៉ាងផងនោះ ទើបអ្នកស្រីសុខចិត្តធ្វើជាផ្តិតមេដៃបោក ទទួលយក តម្លៃ ៤០ម៉ឺនដុល្លារ ទាំងបង្ខំដើម្បីឱ្យពួកនោះអស់ចិត្ត ។ លុះនៅព្រឹកថ្ងៃទី ០៨ ខែសីហា លោក ប៉ុល រតនា ក៏បាន នាំអ្នកស្រីទៅបន្ទប់លោក សៀង សុខ នៅអយ្យការនៃសាលាដំបូងរាជធានី ឱ្យផ្តិតមេដៃដែលគេរៀបចំទុកជាស្រេច ក្នុងនោះមានមេធាវីតំណាងឱ្យឈ្មោះ សេង ស៊ីហេង និងឈ្មោះ ឡាំ ឆាយគីម និងមេធាវីតំណាងអ្នកស្រីផង ។
ជាងនេះទៅទៀត លោក ប៉ុល រតនា បានបញ្ជាបង្ខំឱ្យកូនអ្នកស្រីផ្តល់លុយឱ្យប៉ូលិសឈ្មោះ ចំរើន ជាកូនចៅរបស់គាត់ចំនួន ៥០០០ដុល្លារ ហើយឱ្យ កូនរបស់អ្នកស្រី យកលុយ ១០.០០០ដុល្លារទៀត ឱ្យទៅមេធាវីរបស់អ្នកស្រី ឈ្មោះ ពឹង ធីតា យកទៅឱ្យព្រះរាជអាជ្ញារង សៀង សុខ ចំណែកលុយដែលលោក ប៉ុល រតនា ប្រាប់ថា សមាគមចិន ហុកគៀន ផ្តល់ឱ្យចំនួន ៤០ម៉ឺនដុល្លារនោះ គេឱ្យជាពីរដំណាក់កាល គឺលើកទី១ ឱ្យ ២០ម៉ឺនដុល្លារតាមរយៈមេធាវី ប៉ុន្តែបានត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ព្រោះត្រូវលោក ប៉ុល រតនា ដកអស់ចំនួន ៥.០០០០ដុល្លារ តែបង្ខំឱ្យផ្តិតមេដៃទទួលស្គាល់ ២០ម៉ឺនដុល្លារ និងលើកទី ២ ផ្តល់ជាមូលប្បទានបត្រលេខ ០៥០៤៣១ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥ ដោយឱ្យឈ្មោះមេធាវីទាំង ២ ជាអ្នកបើកប្រគល់ឱ្យអ្នកស្រីចំនួនទឹកប្រាក់ ២០ម៉ឺនដុល្លារ បន្ទាប់ពីលោក សៀង សុខ និងព្រះរាជអាជ្ញារងម្នាក់ទៀត លោកស្រី ស៊ឺ វណ្ណនី ធ្វើដីកាទុកឥតចាត់ការរួចរាល់ ។ ដោយសារតែការរងគ្រោះអ្នកស្រី យូ ចន្ថា ឱ្យដឹងទៀតថា សរុបទៅលោក ប៉ុល រតនា បានជម្រិតយកប្រាក់ពីអ្នកស្រីចំនួន ៦៥០០០ ដុល្លារ ក្រៅពីបង្ខំឱ្យអ្នកស្រីផ្តិតមេដៃប្រគល់ដីតម្លៃរាប់លានដុល្លារហើយនោះ ។ ខណៈពេលដែលធ្វើទាំងបំពានមកលើអ្នកស្រី ជាម្ចាស់ដីពិតប្រាកដ ដែលមានការបញ្ជាក់ពីអាជ្ញាធរភូមិ-សង្កាត់ ខណ្ឌ និងរាជធានីហើយនោះ ។
ពាក់ព័ន្ធដោយទទួលរងនូវភាពអយុត្តិធម៌ និងសុវត្ថិភាពផ្ទាល់ខ្លួនផង បែបនេះហើយ ទើបអ្នកស្រី យូ ចន្ថា សម្រេចចិត្តធ្វើលិខិតសូមអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំជួយរកយុត្តិធម៌ តាមរយៈលោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ក៏បានធ្វើការបញ្ជូនទៅលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ និងដីកាបញ្ជូនទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួចួហើយដែរ ដើម្បីពិនិត្យនិងលើកយោបល់ជូនលោកនាយករដ្ឋមន្ត្រីពិនិត្យសម្រេច ដោយអ្នកស្រីសង្ឃឹម នឹងជឿជាក់ថា នឹងទទួលបានយុត្តិធម៌វិញ ។
ជុំវិញការប្រើប្រាស់អំណាចអាងអំណាចយ៉ាងអសមត្ថភាពជាប់កំអែលអំណាចពុករលួយក្នុងតំណែងបានក្លាយជាទម្លាប់ អាក្រក់របស់បុគ្គល ថ្មីៗនេះគេទើបនឹងឃើញច្បាប់របស់រដ្ឋាភិបាលក្រោមការដឹកនាំបញ្ជារបស់លោក ហ៊ុន សែន បាន បញ្ជាឱ្យចាប់ខ្លួនប្រធានតុលាការរាជធានីភ្នំពេញ លោក អាំង មារតី និងផ្កាយ១ ម្នាក់ពីរនោះ យកទៅដាក់គុកក្នុងសំណុំរឿង ប្រើអំណាចពុករលួយការពារឃាតករ និងបក្ខពួកឧកញ៉ាទាហានផ្កាយពីរ ថោង សារ៉ាត់ នោះ ។ ប៉ុន្តែពេលនេះក្រុមតុលាការរាជធានីភ្នំពេញ ដដែល គឺលោក សៀង សុខ ក្នុងតំណែងជាព្រះរាជអាជ្ញារងអមតុលាការរាជធានី ភ្នំពេញ និងឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនគរបាលក្រសួងមហាផ្ទៃនោះ ឈ្មោះ ប៉ុល រតនា នោះមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយទាល់តែសោះ ។ ហើយក៏ទំនងប្រហែលជាដើរតាមលំអានខាងលើនោះ ហើយ ។
ផ្ទុយទៅវិញមកទល់ពេលនេះ ទោះបីជារឿងស្អុយក្នុងស្រោមរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌យ៉ាងធំក្លិនអាក្រក់ ដោយការប្រើអំណាចឃុបឃិតពុករលួយយ៉ាងពេញបន្ទុកច្បាស់ក្រឡែតក៏ដោយក៏មកទល់ពេលនេះ គេពុំទាន់ឃើញសំណាញ់ ច្បាប់ចាត់ការបង្ក្រាបជនពុករលួយដើម្បីតម្លាភាពច្បាប់ និងឱ្យជនរងគ្រោះបានអស់ចិត្ត និងទទួលបានកិត្តិយស និងយុត្តិធម៌ មកវិញនៅឡើយទេ ! ។
ដូចជា មកទល់ថ្ងៃនេះ មហាជនឆ្ងល់ថា ហេតុអ្វីក៏សំណាញ់ច្បាប់ដែលដាក់ចុះឱ្យមន្ត្រីអនុវត្ត គោលការណ៍តម្លាភាពច្បាប់រដ្ឋាភិ បាលរបស់ប្រទេសមួយ មន្ត្រីធំមេស្ថាប័នពាក់ព័ន្ធជាសេនាធិការចំណុះឱ្យរដ្ឋាភិបាល ហេតុម្តេចមិនបង្ក្រាបករណីព្រះរាជអាជ្ញា រង និងឧត្តមសេនីយ៍ទោ យកអំណាចទៅឃុំឃាំងមនុស្សខុសច្បាប់នោះទៅឬមួយក៏ទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មបានគេធ្វើតាមក្រោយ នោះ ។
ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់របស់អ្នកស្រី យូ ចន្ថា ខាងលើនេះ ការិយាល័យនិពន្ធរបស់យើងមិនអាចទាក់ទងសុំការបំភ្លឺជាលើកទីពីរ ពីលោក ប៉ុល រតនា និងអ្នកពាក់ព័ន្ធបានទេ កាលពីល្ងាច នេះ ប៉ុន្តែយើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធ ជានិច្ច ប្រសិនជាមិនពាក់ព័ន្ធនឹងការចាប់ជម្រិតបង្ខាំងមនុស្ស ដើម្បីយកដី ប្រគល់ទៅឱ្យតំណាងសមាគមចិនហុកគៀននោះ ។/
ដោយ ៖ ត្មាតក្រុង
Recent Comments