អេ​ន ​សំអុល​ ក្នុង​តំ​ណែង​ជា​​មេ​គយ កំពុង​តែ​សប្បាយ​​កើប​លុយ​តា​ម​អំពើ​ចិត្ត ពី​​ការហូរចូ​ល​ទំនិញ​បង់​ពន្ធ​មិន​គ្រ​ប់​មកពី​​ស្រុក​យួន !

តាម​អំណាច​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ លោក អេ​ន សំអុល​បាន​បង្កើត​ឱ្យមាន​ភាព​អសកម្ម​យ៉ាង​ពេញបន្ទុក ហើយ​យក កំណែទម្រង់​ស៊ីជម្រៅ​លើ​ការប្រមូល​ពន្ធ​ឱ្យបាន ១០០​ភាគរយ ទៅ​ធ្វើ​ជា​ល្បែង​លេងសើច ដើម្បី​ប្រមូល​លុយ​ជ្រក​ក្រោម​ការ ប្រមូល​ពន្ធ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​ត្រេកត្រអាល​បំផុត ដែល​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​វិធានការ​ស៊ើបអង្កេត​លើ ភាពមិនប្រក្រតី និង​ការឃុបឃិត​ឱ្យ​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ នាំ​ឱ្យ​ខាតបង់​ចំណូល​ថវិការ​ជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ បើ​តាម​មន្ត្រី​ផ្ទៃក្នុង​គយ​បកអាក្រាត​។

​ជាក់ស្តែង​ករណី​រឿង​ដែល​ត្រូវ​កែទម្រង់​មុនគេ​នោះ គួរតែ​លោក​មេ​គយ​ធំ គុណ ញឹម លុបបំពាត់​បញ្ហា​ដែល​លោក អេ​ន សំអុល រក្សា​ទុក​មន្ត្រី​គយ​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ឱ្យ​កាន់​ការងារ​លុយកាក់ ដែល​ងាយ​កើតមាន​អំពើ​ពុករលួយ​ផ្ទុយ​ពី​កំណែ ទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ផង​ទៅ ! ។​

​មិនតែប៉ុណ្ណោះ មាន​បញ្ហា​ធំៗ​ចំនួន​២​ដែល លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ទាំង អស់​ត្រូវតែ​យកចិត្តទុកដាក់​លុបបំបាត់​ឱ្យមាន​ប្រសិទ្ធភាព​នោះ​គឺ បញ្ហា​កុងត្រូលជជុះ និង​ការឃុបឃិត​ឱ្យមាន​អំពើ​រត់ពន្ធ​ទំនិញ ខុសច្បាប់ និង​ករណី​គៃបំបាត់​ពន្ធ​រដ្ឋ ហើយ​ដែល​គេ​ដឹង​តើ​មន្ត្រី​គយ​តូចធំ​ណាមួយ​ដែល​ថា មិនចេះ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​នោះ ។ ប៉ុន្តែ​លោក អេ​ន សំអុល មិន​ដែល​ឈឺ​ក្បាល​វិលមុខ​ពី​បញ្ហា​នេះ​ទេ ចង់​ក្រុម​ឈ្មួញ​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ​ឱ្យ​តែ​បង់លុយ​ជូន គាត់​ទៅ​តាម​ការទាមទា​រ​។

​បើ​តាម​ក្រុម​ឈ្មួញ​តូចតាច​បាន​ទម្លាយ​ទៀតថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ធំៗ​បាន​ឃុបឃិត​រកស៊ី​នាំចូល​ទំនិញ ប្រភេទ​គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត​ម៉ូតូ ដោយ​មាន​ការដឹក​បង្កប់​នៅ ក្រោម​ទំនិញ​ចាប់ហួយ​ចម្រុះ នាំ​ចូល​តាម​ច្រក​បាក់ដៃ ដឹកជញ្ជូន​តាមផ្លូវ ជាតិ​លេខ ២ និង​លេខ​៣ សឹង​ខូង​ផ្លូវ​ទៅ​ហើយ គេ​មិន​ដែល​ឃើញ​មាន​ការបង្ក្រាប​ពី​ជំនាញ​គយ​របស់លោក អេ​ន សំអុល នោះទេ​។​

​មិនតែប៉ុណ្ណោះ តាម​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន តាម​ច្រក​ភ្នំ​ដិន ខេត្តតាកែវ​ក៏បាន​ក្តៅក្រហាយ និង​ត្អូញត្អែរ​រង​នូវ​ការ​កោសរូស​បង្ខំ​ឱ្យ​បង់លុយ​ក្រៅផ្លូវការ ចង់​ខ្លាំង​ជាង​ការបង់ពន្ធ​១០០​ភាគរយ​ចូល​រដ្ឋ​ទៅទៀត​។ ហើយ​ថ្មីៗ​មានការ​បង្ហើប​យ៉ាង ជាក់ស្តែង​ថា លោក អែម ស៊ីថា ជា​ប្រធាន​ការិយាល័យ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដិន បាន​កោសរូស​ធ្វើ​ព្យុះ​ភ្លៀង​ឱ្យ​ឈ្មួញ​តូចតាច​ដែល​រកស៊ី​ដឹក​ជញ្ជូន ទំនិញ​បន្តិចបន្តួច តាម​ម៉ូតូ ឬ​តាម​រ៉ឺម៉ក បង់លុយ​ច្រើន​ដំណាក់កាល​មិនដឹង​ជា​បង់​លើ​អ្វី​ខ្លះ​ទេ​ធ្វើ​ឱ្យ​ការចំណាយ​លុយ​ក្រៅ​ផ្លូវ ការ​នោះ​កើន​ដល់​ទៅ ៣​ដង​។​

​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​នា​ចូល​សម្បក​ការុង អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​នោះ​ត្រូវបាន​ជំនាញ​គយ​របស់លោក អែម ស៊ីថា កោសរូស​បង្ខំ​ឱ្យ​បង់​លុយ​តាម​តែ​អំពើ​ចិត្ត ។ ផ្ទុយ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ និង​ឈ្មួញ​មាន​អំណាច​វិញ បែរ​ជា​លោក អែម ស៊ីថា ដាក់​ខែ​ទទួល​ស្រោមសំបុត្រ​សុំ​រស់​យ៉ាង​គឃ្លើន​បំផុត​ប្តូរ និង​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ឃុបឃិត​ឱ្យ បង់ពន្ធ​ក្នុងតម្លៃ​បន្ធូរបន្ថយ និង​មាន​ការ​ក្លែងភេទ​ទំនិញ ឬ​ការលួចបន្លំ​បរិមាណ​ទំនិញ​ទៅ​តាម​ជំនាញ​បច្ចេកទេស​របស់​គយ មិន​ខ្វល់​ពី​ការខាតបង់​ចំណូល​ថវិកា​ជាតិ​នោះ​ទេ​។​

​ប្រភព​ប្រជាពលរដ្ឋ​ឱ្យដឹងថា បើ​តាម​ការពិនិត្យ​ជាក់ស្តែង​បច្ចុប្បន្ន ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​ចូល​តាម​ច្រក​ភ្នំ​ដិន តាម​ផ្លូវគោក និង​តាម​ច្រក​បាក់ដៃ តាមផ្លូវ​ទឹក​មាន​ភាព​គគ្រឹកគគ្រេង​បំផុត ប៉ុន្តែ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ពី​ការហូរចូល ទំនិញ​ពី​ស្រុក​យួន ហាក់ដូចជា​មិន​មាន​តុល្យភាព​ទៅ​នឹង​ប្រាក់​ចំណូល​ពន្ធ​នោះ​ទេ ទោះជា​មាន​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ លើ​ការប្រមូល​ពន្ធ​ក៏ដោយ​។ ព្រោះ​តែ​មន្ត្រី​លើកឡើងថា គឺ​ពន្ធ​នោះ​នូវលើ​ប​បេ មាត់​មន្ត្រី និង​គៃ​កេង​យក​លុយ​រដ្ឋ​តាម តែ​ទំនើងចិត្ត​នោះឯង ។
​មានការ​បង្ហើប​ឱ្យដឹងទៀតថា ភាព​ធូររលុង​របស់​ជំនាញ​គយ​ប្រចាំ​ច្រកព្រំដែន​ភ្នំ​ដិន និង​ច្រក​បាក់ដៃ​នោះ មិនមែន​ទើបតែ កើតឡើង​នោះ​ទេ ! គឺជា​ការ​អត្តនោម័ត​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក អេ​ន សំអុល ដែល​ជា​ប្រធាន សាខាគយ​ខេត្តតាកែវ​តែម្តង ។​

​មន្ត្រី​ដដែល​បន្តថា គឺ អេ​ន សំអុល ល្បី​រឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ​បំបាត់​ចំណូល ពន្ធ​រដ្ឋ ហើយ​ក៏​ធ្លាប់​មាន​ពាក្យបណ្តឹង​ជាច្រើន ដាក់ជូន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ទៅ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប៉ុន្តែ​មកទល់​ពេល​នេះ នូវតែ​មិន​អាច​ធ្វើ​អ្វី​លោក អេ​ន សំអុល បាន ព្រោះ​គាត់​មាន​លុយកាក់​សម្រាប់​ទប់​តំណែង​និង​អាច​អភិវឌ្ឍន៍​មុខតំណែង​ជា បន្តបន្ទាប់​រឿង​ពុករលួយ​នោះ ។

​បច្ចុប្បន្ន​យោង​ករណី​ជាក់ស្តែង​ប៉ុស្តិ៍​ជជុះ​នៅមុខ​សាខាគយ​ខេត្តតាកែវ​ល្បី កោសរូស​ឱ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ចូល​បង់​លុយ​ដោយ​មិន​រើសមុខ បើ​សម្រាប់ ការដឹក​ទំនិញ​ធម្មតា​តាម​រថយន្ត​ទួរីស​ត្រូវ​ចូល​បង់លុយ​ថ្លៃ​បាយ​ចាប់ពី ៣​ម៉ឺន​ទៅ​៧​ម៉ឺន​រៀល តែបើ​មាន​ការដឹកជញ្ជូន​ទំនិញ​មិន ប្រក្រតី នឹង​ត្រូវ​ឱ្យ​ជំនាញ​គយ​កោសរូស​ឱ្យ​បង់លុយ​ច្រើនជាង​នេះ ដល់​ទៅ​៣​ដង​ទៅ​ទៀត ។ ហើយ​ដែល​រឿង​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស្រាវជ្រាវ​ជា​បន្ទាន់​ផង ។​
​ដោយ​ ៖ នាយ​សម្បត្តិ​

kunnhoem_omyentieng