លោក​ស្រី ​យូ ចន្ថា ​សុំអន្ត​រាគមន៍ ពី​សម្ដេចតេជោ​ ហ៊ុន សែន ក​រណីដីជាង ​១៨ហ.ត និងផ្កាយពី ប៉ុល រតនា ចាប់​ឃុំឃាំង ​៣យប់ ៤​ថ្ងៃ បង្ខំឲ្យ​ផ្ដិតមេ​ដៃ

ភ្នំពេញ​៖ ក្នុង​ខែ​សីហា កន្លងមកនេះ មាន​ករណី​បណ្ដឹង​ដ៍​ធំ​មួយ ផ្អើល​ដល់​ព្រះឥន្ទ ដែល​លោកស្រី យូ ចន្ថា បាន​ដាក់ពាក្យ ស្នើ​សុំ​អន្តរាគមន៍ គោរព​ចូលទៅ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​កម្មវត្ថុ នៃ​ពាក្យ​ស្នើសុំ អន្តរាគមន៍​នោះ បានសរសេរថា «​សំណើ​សុំ​សម្ដេច មេត្តា​ជួយ​រក យុត្តិធម៌​ដល់​នាង​ខ្ញុំ ដែល​ត្រូវបាន​លោក ឧត្តមសេនីយ៍ទោ ប៉ុល រតនា រង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃុបឃិត​គ្នា ជាមួយ​លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូង រាជធានី​ភ្នំពេញ ចាប់​ឃុំ​ឃាំង​នាង​ខ្ញុំ​ចំនួន ៣​យប់ ៤​ថ្ងៃ ក្នុង​បន្ទប់​របស់​លោក​… ហើយ​បង្ខំ​នាង​ខ្ញុំ ឲ្យ​ផ្ដិតមេដៃ ប្រគល់​ដី​ចំនួន ១៨​ហិកតា ៣០​អា ទៅឲ្យ​ឈ្មោះ សេង ស៊ី​ហេង និង​ឈ្មោះ ឡាំ ឆាយ​គីម ជា​តំណាង​សមាគម ចិន​ហុកគៀន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​» 

​​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ អន្តរាគមន៍​ខាងលើនេះ ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន  បាន​ធ្វើ​ដីកា​បញ្ជូន​ចំនួន ០២ ក្នុង​ខែ​សីហា​តែមួយ គឺ​ដីកា​បញ្ជូន​ទី​១ លេខៈ ៩១០ ខន​/០១៥ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ​២០១៥ គោរព​ជូន​ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​អ៊ឹម ឈុនលឹម​) និង​ដីកា​បញ្ជូន​ទី​២ លេខៈ ៩៧៤ ខន​/០១៥ ចុះ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៥  គោរព​ជូន​ទៅ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ (​អង្គ វង្ស​វ​ឌ្ឈ​នា​) ។​

​មជ្ឈដ្ឋាន​មួយចំនួន ដែល​បាន​ដឹង ព័ត៌មាន​នោះ​ខ្លះៗ ក៍​បាន​អំពាវនាវ​ដែរ​ថា បើ​ចង់​ដឹង​ថា តើ​នរណា​ខុស ឬ​នរណា​ត្រូវ​? អ្នក​ណា​ល្អ ឬ​អ្នក​ណា​អាក្រក់​? អ្នកណា​រងគ្រោះ ដ៍​អយុត្តិធម៌ និង​អ្នក​ណា ជា​អ្នក​ឃុបឃិត​គ្នា ប្រព្រិត្ត​អំពើ​អយុត្តិធម៌ ដ៍​ធ្ងន់ធ្ងរ​នោះ គឺ​សូមឲ្យ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព ​ប្រឆាំងអំពើពុករលួយ មេត្តា​ជួយ​ចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី​នេះ​ជា​បន្ទាន់ ដោយ​មិន​លម្អៀង ប្រាកដ​ជា​អាច នឹង​បានដឹង​រឿង​ច្បាស់​… (​ដូច​ករណី​ឈានទៅ​ចាប់ខ្លួន មន្ត្រីប៉ូលិស​មួយចំនួន និង​ករណី​ចាប់ខ្លួន​លោក អាំង មារ​តី យកទៅ​ដាក់​គុក​) ជា​មិនខានឡើយ​… ។

​​សូមបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន ឯកសារ​មួយ​កំភ្លូស ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អង្គភាព​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ ពី​ឧត្តមសេនីយ៍ទោ ប៉ុល រតនា និង​ពី​លោក សៀង សុខ ព្រមទាំង​ឈ្មោះ សេង ស៊ី​ហេង​, ឡាំ ឆាយ​គីម ជា​តំណាង​សមាគម ចិន​ហុកគៀន​ដែរ​… តែ​មិន​អាច​ទាក់ទង បាន​នៅឡើយ​ទេ ។​

​សូម​មើល៍ ! ពាក្យ​ស្នើ​សុំ​អន្តរាគមន៍ គោរព​ចូលទៅ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ដីកា​បញ្ជូន​ទាំង ០២ របស់​ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោហ៊ុន សែន  ដូចខាងក្រោម​៖

883