ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតជុំវិញករណីឧកញ៉ា សុខ គឹមសាន្ត បើកលេងល្បែងស៊ីសងនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ ព្រោះគេសង្ស័យថាបនល្បែងនេះមិនអនុវត្តន៍តាមបទដ្ឋានបចេ្ចកទេសកាស៊ីណូ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់នោះឡើយ ។ បនល្បែងនោះស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយមានល្បែងដូចជាបៀអាប៉ោង និងយូគីជាដើម កំពុងដំណើរការយ៉ាងគឃ្លើនបន្ទាប់ពីផ្អាកសកម្មភាពប្រមាណជាង១ឆ្នាំកន្លងមក។ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែងស៊ីសងនោះជារោងប្រក់ស័ង្កសីទំហំប្រមាណ២០០ម៉ែត្រការ៉េនៅលើដីទួលខាងស្ដាំផ្លូវជាតិលេខ៧៨អា ជិតច្រកព្រំដែនអូរយ៉ាដាវហើយបើកលេងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៥ល្ងាចជារៀងរាល់ថ្ងៃ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅតំបន់ព្រំដែនច្រកអន្តរជាតិអូរយ៉ាដាវបានឲ្យដឹងថា បនល្បែងឈ្មោះ AHS King Group របស់ឧកញ៉ា សុខ គឹមសាន្ត កំពុងបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យដោយមិនបានសាងសងជាទីតាំងកាស៊ីណូត្រឹមត្រូវនោះទេ។ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី មិនទាន់ចាត់វិធានការទប់ស្កាត់បនល្បែងស៊ីសងខុសច្បាប់របស់ឧកញ៉ា សុខ គឹមសាន្ត នោះទេ។ សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ការបើកល្បែងស៊ីសងខុសច្បាប់របស់ឧកញ៉ា សុខ គឹមសាន្ត កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដូច្នេះក្រសួងមហាផ្ទៃនិងក្រសួងពាក់ព័ន្ធដទៃទៀត ត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ចាត់វិធានការត្រួតពិនិត្យបនល្បែងរបស់ឧកញ៉ា សុខ គឹមសាន្ត ជាបន្ទាន់ព្រោះជាក់ស្ដែងបនល្បែងនោះពុំមានបទដ្ឋានត្រឹមត្រូវជារបៀបកាស៊ីណូស្របច្បាប់នោះទេ។ ម្យ៉ាងទៀតកាលពីខែមេសា ឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងឲ្យក្រុមហ៊ុន AHS King Group បញ្ឈប់សកម្មភាពអាជីវកម្មកាស៊ីណូ ហើយចូលទៅបំពេញបែបបទសុំអាជ្ញាបណ្ឌអាជីវកម្មនិងធ្វើការកំណត់ពន្ធនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក៏ប៉ុន្តែជាងមួយសប្ដាហ៍កន្លងទៅនេះឧកញ៉ា សុខ គឹមសាន្ត បានបើកបនល្បែងឡើងវិញយ៉ាងគគ្រឹកគគ្រេងមិនស្របទៅតាមបទដ្ឋានកាស៊ីណូឡើយ ហើយថែមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងទៀតផង។ ដូច្នេះលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ត្រូវពិនិត្យមើលជាបន្ទាន់ជុំវិញភាពមិនប្រក្រតីនេះ ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម ព្រោះមានសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថាបនល្បែងនេះ គ្មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មត្រឹមត្រូវនៅឡើយទេ៕
Recent Comments