តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថារថយន្តដែលក្រឡាប់នោះដឹកឈើសុក្រំពេញប្រៀបចេញពីបរិវេណដីសម្បទានក្រុមហ៊ុនប៊ិញភឿក ឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប៉ុន្តែនៅពេលទៅដល់ចំណុចអូរខ្យង ឃុំឃ្សឹម ស្រុកស្នួល ប្រហែលដោយសារស្ថានភាពផ្លូវរអិលខ្លាំងទើបរថយន្ត១គ្រឿងក្រឡាប់ចេញឈើសុក្រំតែម្ដង។ ទោះជាយ៉ាងណាពុំមានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធមកត្រួតពិនិត្យនៅកន្លែងកើតហេតុនោះទេ ដោយសារតែមេឈ្មួញ សឹង សំអុល រត់ការសម្របសម្រួលបើកផ្លូវរួចរួចអស់ ហើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាមេឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល) ដែលល្បីល្បាញខាងដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១យកទៅលក់នៅស្រុកយួន នៅតែបន្តសកម្មភាពយ៉ាងរលូនដូចមុនដដែល ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ រថយន្តយីឌុបភ្លៅ៥ចំនួន៥គ្រឿងរបស់មេឈ្មួញ សឹង សំអុល បានដឹកឈើចេញពីបរិវេណដីសម្បទានរបស់ក្រុមហ៊ុនប៊ិញភឿក តំបន់ជិតព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ប៉ុន្តែចៃដន្យរថយន្តដឹកឈើ១គ្រឿងបានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចអូរខ្យង ឃុំឃ្សឹម ស្រុកស្នួល
ប្រភពពីប្រជាពលរដ្ឋនៅឃុំឃ្សឹម និងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តយីឌុបដឹកឈើប្រណីត៤គ្រឿងទៀតបន្តដំណើរទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូនដោយគ្មានការរំខានពីមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវឡើយ។ ប្រភពមួយទៀតបានឲ្យដឹងថារហូតមកដល់ពេលនេះមេឈ្មួញ សឹង សំអុល មិនបានផ្អាកសកម្មភាពដឹកឈើប្រណីតទៅលក់នៅស្រុកយួនដូចឈ្មួញដទៃទៀតទេ ហើយការដែលមេឈ្មួញរូបនេះអាចដឹកឈើចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តក្រចេះ យកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺមានការឃុបឃិតជាប្រព័ន្ធ។ មានន័យថាមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចនៅតាមដងផ្លូវ ទទួលផលប្រយោជន៍ពីមេឈ្មួញ សឹង សំអុល ជាប្រចាំទើបបើកដៃឲ្យមេឈ្មួញរូបនេះដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនបំពានលើបទបញ្ជាលេខ០០២របស់លោក ហ៊ុន សែន ៕
Recent Comments