លោក​កៅ សារ៉ា​ណាមេប៉ុស្តិ៍​ច្រកចាំយាម​ប្រព្រឹត្តអំពើ​ពុករលួយតាម​អំពើចិត្ត​ខ្លាំងជាង​មុន

ប្រភពពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ចាំ​យាម ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​ប​ស់លោក កៅ សា​រ៉ា​ណា បាន​ឲ្យ​ដឹងថា​លោក កៅ សា​រ៉ា​ណា កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ស៊ីចាយ​ហ៊ឺហា មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​កូនចៅ​ក្រោម​ឱវាទ​ឡើយ​។ លោក កៅ សា​រ៉ា​ណា ដែល​ទទួលបាន​តំណែង​ជា​មេ​ប៉ុស្តិ៍​ច្រក​ចាំ​យាម ដោយសារ​អំណាច​ឪពុក​របស់ខ្លួន​នោះ គ្មាន​សមត្ថភាព​អ្វី​ដើម្បី​ធ្វើ​ការងារ​ទេ គឺ​ចេះ​ត្រឹមតែ​ប្រើ​អំណាច​គំរាមកំហែង​កូនចៅ​ក្រោម​ឱវាទ​ឲ្យ​ប្រមូល​ផលប្រយោជន៍​សម្រាប់​ខ្លួន​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក កៅ សា​រ៉ា​ណា ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​កំណត់​ឲ្យ​កូនចៅ​រក​ចំណូល​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ​? ​។

មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​ចាំ​យាម បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណា ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាត​ដឹង​ឮជា​សាធារណៈ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​និង​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​ពុករលួយ​ដូចជា​លោក កៅ សា​រ៉ា​ណា ។ ប្រការ​នេះហើយ​ដែល​លោក កៅ សា​រ៉ា​ណា អាង​មាន​ឪពុក​ខ្លួន​ជា​ខ្នងបង្អែក បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ហើយ​ស៊ីដាច់​លុយ​កូនចៅ​ក្រោម​ឱវាទ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ ប្រភព​បាន​ឲ្យ​ដឹង​ថា សូម្បីតែ​លុយ​ប្រថាប់ត្រា​ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រក​ឲ្យ​បាន​៤៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​ខ្លួន​យកទៅ​ស៊ីចាយ​សប្បាយ​ហ៊ឺហា​ក្នុង​ហាង​ខារ៉ាអូខេ​យ៉ាង​សម្បាយម៉ាអស់ដៃ ។ ក្រៅពី​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ដែល​លោក កៅ សា​រ៉ា​ណា តម្រូវ​ឲ្យ​កូនចៅ​បង់​ជូន​ខ្លួន​នោះ គឺ​បុគ្គល​នេះ​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ផងដែរ​។ អំពើពុករលួយ​របស់​លោក កៅ សា​រ៉ា​ណា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​ចាត់វិធានការ​ព្រមាន​ជាបន្ទាន់​បំផុត​៕

W@t-010830