ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីជម្រៅជាង២០ម៉ែត្រដែលមានទំហំជាង២ហិកតានៅខាងក្រោយប៉ុស្តិ៍នគរបាលឃុំត្រពាំងធំនោះ កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនចៅនិងសត្វពាហនៈរបស់ពួកគាត់ធ្លាក់ទៅក្នុងរណ្ដៅដីនោះ។ ឈ្មួញ តាំង សុគង់ ដែលមានខ្នងបង្អែកយ៉ាងរឹងមាំមិនបានធ្វើរបងព័ន្ធជុំវិញ ដើម្បីរក្សាសុវត្ថិភាពតាមបទដ្ឋានបចេ្ចកទេសឡើយ ហើយអាចបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា។ គេសង្ស័យថាប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទទួលបានផលប្រយោជន៍ពីឈ្មួញ តាំង សុគង់ ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសផ្សេងៗនោះទេ គឺគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាក់ស្ដែងថ្មីៗនេះឈ្មួញឈ្មោះ តាំង សុគង់ បានប្រើគ្រឿងចក្រជីករណ្ដៅដីយ៉ាងធំជម្រៅជាង២០ម៉ែត្រនៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ហើយគ្មានមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញណាចាត់វិធានការទប់ស្កាត់នោះទេ។ ឈ្មួញ តាំង សុគង់ ដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបំផ្លាញផ្លូវក្នុងមូលដ្ឋាន ។
ប្រភពពីមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើតាមច្បាប់រ៉ែនិងថាមពលតម្រូវឲ្យអាជីវកម្មកាយដីត្រឹមជម្រៅ៥ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែឈ្មួញ តាំង សុគង់ បែរជាជីករណ្ដៅដីជម្រៅប្រមាណជាង២០ម៉ែត្រដែលជាអំពើខុសច្បាប់ ។ កន្លងមកមន្ត្រីអាជ្ញាធរនិងមន្ត្រីមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទៅពិនិត្យមើលរណ្ដៅដីរបស់មេឈ្មួញ តាំង សុគង់ ហើយបានបិទអាជីវកម្មកាយដីនោះផងដែរ ប៉ុន្តែក្រោយមកស្រាប់តែឈ្មួញ តាំង សុគង់ ដំណើរការអាជីវកម្មរបស់ខ្លួនដដែល ។ ប្រការនេះប្រហែលមកពីប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តសៀមរាប ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីឈ្មួញ តាំង សុគង់ ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ត្រូវពនិត្យមើលភាពអសកម្មរបស់ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបផងកុំឲមន្រ្តីក្រោមឧវាទធ្វើអ្វីៗកុហកថ្នាក់លើតាមអំពើចិត្ត ៕
Recent Comments