ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានរៀបរាប់ថា ក្រុមហ៊ុនឯកជនមួយចំនួនដែលមានឥទ្ធិពលខ្លាំង បានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ និងក្រុងប៉ោយប៉ែត ហើយយកគ្រឿងចក្រជីកកកាយយកអាចម៍ដីដឹកតាមរថយន្តធំៗឆ្លងកាត់បំផ្លាញផ្លូវលំ ក្លាយជាជង្ហុកជ្រៅៗក្នុងភូមិមួយចំនួន ហើយរថយន្តថែមទាំងបើកបរលឿនៗបង្ហុយដីទ្រលោមមកលើផ្ទះសម្បែងប្រជាពលរដ្ឋ ដោយពុំបានគិតគូរពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពបង្កភាពអនាធិបតេយ្យ ខុសច្បាប់យ៉ាងពេញទំហឹង ស្ទើរតែពេញក្រុងប៉ោយប៉ែត មិនត្រូវបានលោក ង៉ោ ម៉េងជ្រួន ចេញមុខដោះស្រាយនោះឡើយ បើទោះបីជាប្រជាពលរដ្ឋតវ៉ាឲ្យក្រុមមន្ត្រីជំនាញខាងលើចេញមុខដោះស្រាយក៏ដោយ។
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានបង្ហើបឲ្យដឹងថា រាល់ក្រុមហ៊ុនឯកជនយកគ្រឿងចក្រជីកកកាយយកអាចម៍ដីធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យនៅតំបន់ជាយដែនខ្មែរ-សៀម គឺត្រូវទុកភាគរយឲ្យទៅខាងអាជ្ញាធរមូលដ្ឋានមួយចំនួន ទើបអាចធ្វើអាជីវកម្មបានយ៉ាងរលូនបែបនេះ បើពុំដូច្នោះទេ ខាងអាជ្ញាធររាប់ទាំងបក្ខពួកលោក ង៉ោ ម៉េងជ្រួន នឹងចាត់វិធានការហាមឃាត់មិនឲ្យរថយន្តធុនធំដឹកអាចម៍ដីបើកបំផ្លាញផ្លូវលំទាំងនោះបានឡើយ ។ ប្រភពដដែលបានបញ្ជាក់ថា រណ្តៅដីយ៉ាងជ្រៅៗជាច្រើនកន្លែងនៅក្នុងតំបន់ជាយដែនខ្មែរ-សៀម នៅក្នុងក្រុងប៉ោយប៉ែតត្រូវបានក្រុមហ៊ុនឯកជនមួយចំនួនធ្វើអាជីវកម្ម ដើម្បផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួន ដោយពុំបានគិតគូរពីការព្រួយបារម្ភ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគតឡើយ។
សកម្មភាពក្រុមឈ្មួញយកគ្រឿងចក្រឈូសឆាយជីកកកាយយកអាចម៍ដីធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យខ្លាំងជាងគេនាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបញ្ជាក់ថាកើតមាននៅក្នុងភូមិទួលពង្រ ដែលមានលោក រ៉ាន់ ចំរើន ជាមេភូមិ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ដែលមានលោក គាត ហ៊ុល ជាចៅសង្កាត់ ក្រុងប៉ោយប៉ែត ដែលមានលោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុង។ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ឈ្មួញកំពុងតែត្រូវប៉ាន់ចំពោះអាជីវកម្មជីកដីលក់ តែពួកគេមិនខ្វល់ខ្វាយពីផលប៉ះពាល់បរិស្ថាន ឬគោលការណ៍ច្បាប់អ្វីឡើយ ខណៈមន្ត្រីជំនាញនៅមូលដ្ឋានបន្តភាពស្ងប់ស្ងាត់ ដើម្បីទទួលបានផលប្រយោជន៍ដល់ក្រុមខ្លួន។គួកត់សម្គាល់ថា ជារឿយៗកន្លងមកគេឃើញប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលំក្នុងភូមិទួលពង្របាននាំគ្នាធ្វើការតវ៉ាយករនាំងបិទផ្លូវមិនឲ្យរថយន្តដឹកអាចម៍ដីឆ្លងកាត់នោះទេ ប៉ុន្តែការតវ៉ារបស់ពួកគាត់គ្មានប្រសិទ្ធភាពនោះទេ ព្រោះខាងម្ចាស់រថយន្តបើកឆ្លងកាត់លើផ្លូវនោះដដែល៕
Recent Comments