តាមប្រភពពីមន្ត្រី សាលាស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា លោក ប៉ោ សេង បានដេញថ្លៃភាស៊ីផ្សារ កុងត្រានៅសាលា ខេត្តរយៈពេល៣៧ឆ្នាំ ដោយប៉ាវផ្ដាចលើសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន។ មានន័យថា ផ្សាររាប់សិបកន្លែងក្នុង ឃុំទាំង១១នៃស្រុកស្អាង ខេត្តកណ្ដាល គឺនៅក្រោមកណ្ដាប់ដៃលោក ប៉ោ សេង ប៉ុន្តែលោក ប៉ោ សេង មិនបានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាជាមួយសាលាខេត្ត កណ្ដាលនោះទេ គឺគិតតែប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនធ្វើមានធ្វើបានយ៉ាងសុខ ស្រួល។ មិនមែនតែផ្សារក្នុងទីរួមស្រុកស្អាងទេ ដែលក្រុមអាជីវករលក់ហៀរដល់ចិញ្ចើមថ្នល់ គឺផ្សារព្រែកឃ្លោកក៏មានអាជីវករលក់ដូរលើផ្លូវធ្វើឲ្យស្ទះចរាចរណ៍ ផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា អ្នកម៉ៅភាស៊ីផ្សារក្នុងស្រុកនេះ គិតគូរតែរឿងប្រមូលផលប្រយោជន៍ប៉ុណ្ណោះ ហើយមិនដែលខ្វល់ពីការរៀបចំសណ្ដាប់ធ្នាប់ឲ្យបានប្រសើរនោះទេ។ ជាក់ស្ដែងផ្សារនៅស្រុកស្អាងជាប់ផ្លូវជាតិលេខ២១បេ មានក្រុមអាជីវករលក់ដូរ មកដល់ចិញ្ចើមផ្លូវយ៉ាងអានាធិបតេយ្យងាយបង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ និងធ្វើឲ្យស្ទះចរាចរណ៍ជាញឹកញាប់ ប៉ុន្តែលោក ប៉ោ សេង មិនយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ទេ ហើយអ្នកម៉ៅការភាស៊ីបន្តគិតតែរឿងប្រមូលលុយប៉ុណ្ណោះ។ បញ្ហានេះលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល គួរចាត់វិធានការត្រួតពិនិត្យជាបន្ទាន់ ព្រោះផ្សារនានាក្នុងស្រុកស្អាង គ្មានសណ្ដាប់ធ្នាប់ និងអនាម័យត្រឹមត្រូវទាល់តែសោះ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ អ្នកម៉ៅការភាស៊ីផ្សារក្នុងឃុំទាំង១១នៅស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា ពួកគាត់បង់លុយទៅឲ្យលោក ប៉ោ សេង ប្រធានខាងភាស៊ីផ្សារទៅលើផ្នែកអាជីវកម្ម សណ្ដាប់ធ្នាប់សន្តិសុខ ក្នុងមួយឆ្នាំ១លានរៀល និងបង់លុយផ្នែកបរិស្ថាន អនាម័យសំរាម ក្នុងមួយខែ២០ដុល្លារ សម្រាប់ផ្សារតូចៗ បើផ្សារធំត្រូវគុណនឹងពីរ។ ក្រុមអាជីវករលក់ដូរតាមទីផ្សារនានា ក្នុងស្រុកស្អាងបានឲ្យដឹងថា ក្នុងមួយថ្ងៃៗពួកគាត់ត្រូវបង់លុយភាស៊ី និងអនាម័យ ពី១៥០០ដល់២៥០០រៀល ប៉ុន្តែលោក ប៉ោ សេង អ្នកម៉ៅភាស៊ីផ្សារទូទាំងស្រុកស្អាងមិនរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យឲ្យបានត្រឹមត្រូវទេ។ បញ្ហានេះអភិបាលស្រុកស្អាង និងអភិបាលខេត្តកណ្ដាល គួរចាត់វិធានការណែនាំដល់លោក ប៉ោ សេង ជាបន្ទាន់ដើម្បីឲ្យគោរពតាមកិច្ចសន្យាក្នុងការទារភាស៊ី និងរក្សាសណ្ដាប់ធ្នាប់សន្តិសុខ អនាម័យ គ្រប់ផ្សារទូទាំងស្រុកស្អាង ខេត្តកណ្ដាល៕
Recent Comments