តាមសេចក្ដីរាយការណ៍ ពីមន្ត្រីគយតូចតាចនៃការិយាល័យគយ ច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឲ្យដឹងថា ក្នុងតំណែងជាប្រធានការិយាល័យគយច្រកនេះជិត២០ឆ្នាំមកហើយខណះ លោក ខៀវ សំអាន ប្រើប្រាស់អំណាច និងតួនាទីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ប្រភពពីមន្ត្រីគយការិយាល័យគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឲ្យដឹងថា ក្នុងតំណែងជាប្រធានការិយាល័យគយច្រកនេះយ៉ាងដុះស្លែជិត២០ឆ្នាំ។លោក ខៀវ សំអាន ប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព រហូតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល។ ក្រុមហ៊ុន និងឈ្មួញនាំទំនិញវិនិយោគចូលតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវលោក ខៀវ សំអាន និងបក្ខពួកតម្រូវឲ្យបង់លុយតាមការកំណត់ បើមិនដូច្នេះទេទំនិញទាំងនោះនឹងត្រូវកកស្ទះជាមិនខាន។ អាចនិយាយបានថា លោក ខៀវ សំអាន កំពុងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ក្នុងខណៈដែលលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មិនខ្វល់ពីគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលសម្តេច ហ៊ុន សែន នោះឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានមិនដែលចាត់វិធានការស៊ើបអង្កេតរាវស្ទាបរកអំពើពុករលួយរបស់លោក ខៀវ សំអាន មេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះទេ។ ប្រការនេះហើយទើបលោក ខៀវ សំអាន ទទួលបានប្លង់រឹងក្នុងតំណែងជាមេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញជិត២០ឆ្នាំ និងប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។
សូមបញ្ជាក់ថារឿងអាស្រូវពុករលួយរបស់លោក ខៀវ សំអាន ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ដូចជា ថ្នាំពេទ្យ ទូរស័ព្ទដៃទំនើបៗ គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងអលង្ការ និងទំនិញជាច្រើនប្រភេទទៀត ធើ្វឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនចាត់វិធានការលើមន្ត្រីគយពុករលួយ ដូចជាលោក ខៀវ សំអាន នោះឡើយ ។សារពត៌មានយើងមិនអាចទំនាក់ទំនងមន្រ្តីពុករលួយលោកខៀវសំអានពន្យល់បានទេ៕
Recent Comments