ខេត្តកោះកុង ៖អតីតមេបញ្ជាការយោធាខេត្តកោះកុងលោកយន្តមីនដែលនឹងត្រូវកាន់តំណែង ជាអភិបាលខេត្តព្រះសីហនុត្រូវបានមន្ត្រីក្រោមឱវាទទម្លាយពត៌មានថាលោក មានដីរាប់សិបកន្លែងក្នុងខេត្តកោះកុងតាមរយះតួនាទីជាមេបញ្ជាការ គ្រាដែលដីទាំងនោះត្រូវគេដឹងថា អតីតមេបញ្ជាការរូបនោះប្រើរូបភាពសុំគោលការណ៍ប្រើប្រាស់ដីសម្រាប់ អង្គភាពយោធា។
ប្រភព ពត៌មាននោះបានរាយការណ៍ថា ស្ទើរតែគ្រប់ស្រុកក្នុងខេត្តកោះកុងសុទ្ធតែមានដីកម្មសិទ្ធិរបស់លោក យន្ត មីន ហើយដីទាំងនោះត្រូវគេប្រើប្រាស់ដាំដំណាំឬព័ទ្ធរបងត្រឹមត្រូវបង្ហាញ ពីកម្មសិទ្ធឯកជនផ្តាច់មុខនិងមិនមែនជាដីសាធារណះឬដីរបស់ អង្គភាពកងទ័ពនោះឡើយ ។
ប្រភព ដដែលបានបញ្ជាក់ថា កាលពីលោក យន្ត មីន ធ្វើជាមេបញ្ជាការសឹករងខេត្តកោះកុងលោកតែងតែសុំគោលការណ៍ពីថ្នាក់លើ ដើម្បីយកដីដែលនៅទំនេរក្នុងតំបន់នោះប្រើប្រាស់ជាដីសម្រាប់ ប្រើប្រាស់ក្នុងអង្គភាពយោធាសឹករងស្រុក ។ ប៉ុន្តែដីទាំងនោះត្រូវបានលោក យន្ត មីន យកមកដាក់ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ដោយបានដាំដំណាំឬប្រើប្រាស់ តាមអ្វីដែលលោកយល់ឃើញថា ផ្តល់ប្រយោជន៍ដល់លោក។ ដីរបៀបនេះត្រូវបានគេរាយការណ៍ថា មានច្រើនកន្លែងតាមបណ្តាស្រុកទីរួមខេត្តក្នុងខេត្តកោះកុង ។
មន្ត្រី យោធាខេត្តកោះកុង ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានអះអាងថា លោក យន្ត មីន ពិតជាដីច្រើនកន្លែងដូចការរៀបរាប់ខាងលើមែន ប៉ុន្តែដីទាំងនោះមានគោលការណ៍ស្នើរសុំទៅក្រសួងការពារជាតិ ដើម្បីប្រើប្រាស់ជាប្រយោជន៍របស់កងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ។ ចំណែកការទាក់ទងប្រើប្រាស់ដីឬក៏កម្មសិទ្ធិគ្រប់គ្រងដីគាត់មិនដឹងថា ដាក់ឈ្មោះអ្នកណាជាម្ចាស់ទ្រព្យនោះទេ ប៉ុន្តែអ្វីដែលដឹងគឺលោក យន្ត មីន តែងតែប្រើប្រាស់ដីនោះជាប្រយោជន៍ផ្ទាល់ខ្លួន ។
ទាក់ទងពត៌មានខាងលើនេះ ភ្នំពេញថ្មី មិនអាចសុំការបញ្ជាក់ពីលោក យន្ត មីន នៅឡើយនោះទេ ដោយសារតែមិនមានលេខទូរស័ព្ទសម្រាប់ទាក់ទង ។ យ៉ាងណាក៏ដោយយើងនិងព្យាយាមសុំការបញ្ជាក់ពីអតីតមេបញ្ជាការ ខេត្តកោះកុងរូបនោះ ។
គួរ បញ្ជាក់ថា លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គប់និងតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក ឈិត សុខុន ដែលត្រូវចូលនិវត្តន៍ ៕
Recent Comments